សង្គម

គ.ជ.ប ចេញបណ្ណសារព័ត៌មានឱ្យស្ថាប័នជាតិ និងអន្តរជាតិជាង១៣០០បណ្ណ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចេញបណ្ណសារព័ត៌មានឱ្យស្ថាប័នជាតិ និងអន្តរជាតិជាង១៣០០បណ្ណ សម្រាប់ចូលរួមយកព័ត៌មានអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

អ្នកនាំពាក្យ គ.ជ.ប. លោក ហង្ស ពុទ្ធា បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី១៩កក្កដា បណ្ណដែលបានផ្ដល់ជូនស្ថាប័នព័ត៌មានរួមមាន៖ អ្នកសារព័ត៌មានជាតិ១១៨ស្ថាប័ន ស្មើនឹង១២១៨នាក់ និងអ្នកសារព័ត៌មានអន្តរជាតិ៣៤ស្ថាប័ន ស្មើនឹង១០៨នាក់។ បច្ចុប្បន្ន គ.ជ.ប. កំពុងតែពិនិត្យពាក្យសុំចុះឈ្មោះរបស់អ្នកសារព័ត៌មានជាតិ១០ស្ថាប័ន ដែលមានគ្នា២២នាក់ និងអ្នកសារព័ត៌មានអន្តរជាតិ៣ស្ថាប័ន ដែលមានគ្នា២៧នាក់។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអំពាវនាវឱ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលទទួលបានការអនុញ្ញាតជាផ្លូវការ និងមានបណ្ណសម្គាល់អ្នកសារព័ត៌មានសម្រាប់យកព័ត៌មានក្នុងដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវគោរពច្បាប់បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត សេចក្ដីណែនាំផ្សេងៗ ព្រមទាំងក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត៕