សង្គម

ផ្លូវក្រវាត់ក្រុងទី៣បញ្ចប់ការសាងសង់ហើយ គ្រោង​សម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃទី៣ សីហា

ផ្លូវក្រវាត់ក្រុងទី៣ គិតមកដល់ពេលនេះ បានបញ្ចប់ការសាងសង់១០០ភាគរយហើយ តាមការគ្រោងទុក នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែសីហា ឆ្នាំ២០២៣ខាងមុខ។

បើតាមឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនង​សាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដំណើរការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ បានបញ្ចប់ការសាងសង់១០០​ភាគរយ​ហើយមកដល់ថ្ងៃនេះ។ តាមការគ្រោងទុកផ្លូវក្រវាត់ក្រុងទី៣នឹងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន។

សូមបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣នេះ មានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លង ។ ហើយផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣នេះដែរបានតភ្ជាប់ពីផ្លូវជាតិលេខ ៦ លេខ ៥ លេខ ៤ លេខ ៣ លេខ ២ រហូតដល់ផ្លូវជាតិលេខ ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយប្រើប្រាស់ថវិកាលើការសាងសង់ក្នុងទំហំទឹកប្រាក់ ២៦៧,៦៧ លានដុល្លារអាមេរិក។ កន្លងមកឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា សព្វថ្ងៃថវិកាដែលយើងមានសាងសង់បានត្រឹមតែពាក់កណ្តាលក្រវ៉ាត់ទេ ដោយសារត្រើយខាងកើតយើងត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅក្ដីតាកុយ និងត្រូវសាងសង់ស្ពាននៅកោះដាច់ ទើបក្លាយទៅជាក្រវាត់ក្រុងពេញលេញ។

គម្រោងសាងសង់ផ្លូវក្រវ៉ាត់ទី៣នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយធនាគារ នីហរ័ណអាហរ័ណចិន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងទឹកប្រាក់ចំនួន ២៥៩លានដុល្លារអាមេរិក កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ និងបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។ ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗ​របស់មហាអនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញ​ពាណិជ្ជកម្មអន្តរជាតិ និងភស្តុភារកម្មតំបន់ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុង​នេះ ទៅជាតំបន់អភិវឌ្ឍន៍បូរីលំនៅដ្ឋាន តំបន់ភស្តុភារកម្ម និងឧស្សាហកម្ម ដ៏មានសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់កម្ពុជា៕