នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី អេង ហុី មន្ត្រីនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញសេចក្តីបំភ្លឺមួយនៅលើគណនីផ្លូវការរបស់លោក ជុំវិញករណីឈ្មួញដឹកឈើសសរមូលទៅលក់នៅវៀតណាម គ្មានអាជ្ញាធរចុះបង្ក្រាបនៅច្រករបៀងប៉ុស្តិ៍នគរបាលខ្សែដែក កាលពីថ្ងៃទី១៤ ខែកក្កដា។
លោកឧត្តមសេនីយ៍ត្រី អេង ហុី បញ្ជាក់ថា គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឃើញការផ្សព្វផ្សាយព័ត៌មានដែលសរសេរអត្ថបទមានចំណងជើងថា៖ «[មេឈ្មួញជើងខ្លាំងប្រចាំស្រុករមាសហែក សម្រុកដឹកជញ្ជូនឈើត្រសរមូលរត់ពន្ធយកទៅលក់នៅស្រុកយួន តាមច្រករបៀងប៉ុស្តិ៍នគរបាលខ្សែដែក បានយ៉ាងរលូន សមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់!» បន្ទាប់ពីបានឃើញព័ត៌មានខាងលើនេះ អ្នកនាំពាក្យ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា៖ តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា នៅវេលាម៉ោង១០ៈ៣០នាទីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាមានគេយកឈើមកទម្លាក់ទុកនៅក្នុងចម្ការកៅស៊ូ ស្ថិតនៅភូមិតាសេក ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្រោយពីទទួលបានព័ត៌មានភ្លាម ថ្នាក់ដឹកនាំ បានបញ្ជាកម្លាំងជំនាញនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើរមាសហែក និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានទៅដល់ទីតាំង រកឃើញឈើសសរមូល ប្រភេទឈើកកោះចំនួន១៤ដើម និងតុក្តា ចំនួន១០គ្រាប់។
លុះនៅវេលាម៉ោង១៥:៣៧នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានឃើញរថយន្តមួយគ្រឿង ម៉ាកHyundai ពណ៌-ស ពាក់ស្លាកលេខ បាត់ដំបង ៣A ១៩៤៩ ដែលបានចតនៅផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះ អ៊ុក សឿន ភេទប្រុស មានចម្ងាយ៥០០ម៉ែត្រពីទីកន្លែងទម្លាក់ឈើ ដោយមានការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា សមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យរថយន្តខាងលើរកឃើញឈើសសរមូល ប្រភេទឈើកកោះចំនួន១០ដើមបន្ថែមទៀត។
ជាមួយគ្នានោះ មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងតាមនីតិវិធី៕