សង្គម

សម្តេចតេជោ ហ៊ុន សែន ៖ការមិនទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក ភីតា គឺជាការបរាជ័យដ៏ធំរបស់​​ក្រុមពួក​តិរច្ឆាននៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានពណ៌នាចំពោះ​ការមិនទទួលបានសំឡេង​គ្រប់គ្រាន់​ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក ភីតា គឺជាការបរាជ័យដ៏ធំរបស់​​ក្រុមពួក​តិរច្ឆាននៅកម្ពុជា។

ក្នុងសំណេរលើបណ្ដាញសង្គមតេឡេក្រាមនាយប់ថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២៣សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ” ខ្ញុំ​សូម​​ប្រកាសថ្ងៃ​នេះថា ការមិនទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក ភីតា (Pita) គឺជាការបរាជ័យដ៏​​ធំរបស់​ក្រុមពួកតិរច្ឆាននៅកម្ពុជា ហើយនេះមិនមែនបង្ហាញថាខ្ញុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃនោះទេ ខ្ញុំគ្រាន់តែចង់បង្ហាញថា ព្រោះកន្លង​មកពួកក្បត់ជាតិទាំងនេះ តែងតែរំពឹងទុកថានៅពេលលោក Pita ក្លាយជានាយករដ្ឋមន្រ្តីរបស់ថៃ ពួកគេនឹងប្រើប្រាស់ទឹកដីរបស់ថៃ ដើម្បីធ្វើចលនាប្រឆាំងបះបោរនឹងរាជរដ្ឋាភិបាលកម្ពុជា។ ឥឡូវនេះក្តីរំពឹងរបស់ពួកអាតិរច្ឆានទាំងនោះបានរលាយ​ដូចអំបិលត្រូវ​ទឹក​ហើយ”។

សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សំណេរដោយសារក្រើនរំលឹកថា”សូមកុំធ្វើនយោបាយផ្អែកលើដង្ហើមអ្នកដទៃ ដែលនេះជាការដាស់​តឿន និងជាបំណងល្អរបស់ខ្ញុំសម្រាប់ក្រុមជ្រុលនិយម”។

សូមជម្រាបថា បន្ទាប់ពីការរាប់សំឡេងឆ្នោតក្នុងសភាថៃបានបញ្ចប់លទ្ធផលបានបង្ហាញថា ប្រធានគណបក្ស Move Forward គឺលោក ភីតា លីមចារ៉ឺនរ៉ាត(Pita Limjaroenrat) ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មីនៃ​ប្រទេសថៃឡើយ។

នៅព្រហស្បតិ៍ទី១៣ខែកក្កដា សម័យប្រជុំរួមនៃរដ្ឋសភាថៃដែលមានសមាជិក៥០០នាក់ និងព្រឹទ្ធសភាដែលមានសមាជិក២៤៩នាក់ បានធ្វើឡើងដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីក្រោយការបោះឆ្នោតសកលកាលពីខែឧសភាកន្លងទៅ។ លទ្ធផលនៃការបោះឆ្នោត​ បាន​បង្ហាញថា លោក ភីតា ដែលជា​បេក្ខជនតែម្នាក់គត់ទទួលបានសំឡេងគាំទ្រត្រឹម៣២៤សំឡេងប៉ុណ្ណោះ ខណៈមានសំឡេងជំទាស់ និង​អនុបវាទជាច្រើន។ លោក ភីតា មេដឹកនាំបក្ស Move Forward រូបនេះ ទទួលបាន៣១១សំឡេងគាំទ្រ, ១៤៨សំឡេងប្រឆាំង និង​៣៩សំឡេងអនុបវាទ ពីសមាជិករដ្ឋសភា ។ដោយឡែកទទួលបាន១៣សំឡេងគាំទ្រ, ៣៤សំឡេងប្រឆាំង និង១៥៩សំឡេងអនុបវាទ ពីសមាជិកព្រឹទ្ធសភា៕