សង្គម

អាជ្ញាធរជាតិអប្សរា ចុះរុះរើសំណង់ខុសច្បាប់នៅទីបុរាណដ្ឋានត្រពាំងហែផ្កាជាលើកទី២

អាជ្ញាធរជាតិអប្សរាសហការជាមួយរដ្ឋបាលក្រុងសៀមរាប ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តសៀមរាប កាលពីថ្ងៃម្សិលមិញ បានចុះអនុវត្តន៍ការរុះរើសំណង់របស់លោក ឃន់ សុខន ដូចជារបង បន្ទប់ទឹក រោង ដែលធ្វើខុសច្បាប់ប៉ុនប៉ងយកទីបុរាណដ្ឋានត្រពាំងហែផ្កាធ្វើជាកម្មសិទ្ធិឯកជនជាថ្មីម្ដងទៀត។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យ​ដឹងថា ការចុះរុះរើសំណង់ខុសច្បាប់នេះ គឺដើម្បីការពារការប៉ុនប៉ងយកដីបុរាណដ្ឋានត្រពាំងហែផ្កាដោយខុសច្បាប់មកធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួនជាថ្មីម្តងទៀត បន្ទាប់ពីក្រុមការងារចម្រុះបានរុះរើរាបដល់ដីនិងការយល់ព្រមបញ្ឈប់ការ សាងសង់ទាំងអស់ពីម្ចាស់សំណង់កាលពីខែវិច្ឆិកា ឆ្នាំ២០១៩រួចមកហើយ។ អ្នកនាំពាក្យ​បន្តថា ឈ្មោះ ឃន់ សុខន បានធ្វើម្តងជាពីរដងនេះ គឺបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់មរត៌កនៃបេតិកភណ្ឌ។

ព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តសៀមរាប លើកឡើងថា អំពើរំលោភបំពានបុរាណដ្ឋានធ្វើជាកម្មសិទ្ធិរបស់ខ្លួន គឺបុគ្គលនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ទៅតាមស្ថានភាពនៃការបំផ្លាញដែលប៉ះពាល់ដល់សម្បត្តិវប្បធម៌ទាំងនោះ។

ជាមួយនឹងការរុះរើនូវរាល់សំណង់ខុសច្បាប់ទាំងនោះ តំណាងរដ្ឋបាលក្រុងសៀមរាប លោក ហៃ យ៉ុង ក៏បានបង្ហាញពីគម្រោងអភិវឌ្ឍន៍ត្រពាំងហែផ្កានិងការលើកតម្លៃទីបុរាណដ្ឋាននេះឡើងវិញ តាមរយៈការស្តារត្រពាំងហែផ្កានេះឱ្យស្អាត ដើម្បីធ្វើជាប្រភពទឹកសម្រាប់អ្នកភូមិបានប្រើប្រាស់នៅពេលឆាប់ៗ ដោយអាជ្ញាធរក្រុង បានទទួលបានច្បាប់អនុញ្ញាតជាគោលការណ៍ពីអាជ្ញាធរជាតិអប្សរារួចហើយដែរ។

សូមបញ្ជាក់ថា ត្រពាំងហែផ្កា មានបណ្តោយ ៣៥០ម៉ែត្រ ទទឹង១៧០ម៉ែត្រ មានខ្នងទំនប់ពី៤០ទៅ៦០ ម៉ែត្រ, ត្រពាំងនេះ មានតាំងពីសម័យអង្គរ ជាសហគមន៍មនុស្សរស់នៅ ព្រោះមានបំណែកកុលាភាជន៍បុរាណនៅរ៉ាយប៉ាយពេលបុរាណដ្ឋាននេះ ហើយនៅខាងត្បូងត្រពាំង ក៏មានប្រាសាទហែផ្កាមួយដែរដែលធ្វើពីឥដ្ឋ ជាទីគោរពបូជានាមនុស្សសម័យនោះ៕