សង្គម

អយ្យការ​អម​សាលា​ដំបូង​ខេត្តកណ្តាល បញ្ជាក់ពី​មូលហេតុ ដែលបណ្តាលឲ្យ ឌុច ស្លាប់​

នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ​២០២០នេះ អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល បានប្រកាសថា ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុក​ទួលស្លែង​ក្នុងរបប​ខ្មែរ​ក្រហម បាន​ទទួលមរណភាព នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរសូវៀត នៅ​វេលាម៉ោង ០០:៥១នាទី រំលង​អាធ្រាត​ឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ​២០២០។

តាម​ការ​បញ្ជាក់របស់​អយ្យការ​អមសាលា​ដំបូង​ខេត្តកណ្តាលថា ចាប់តាំងពីបញ្ជូន​មក​ឃុំ​ខ្លួន​នៅពន្ធនាគារ​ខេត្តកណ្តាល រយៈ​ពេល​ជាង​៧ឆ្នាំមកនេះ ឌុច ធ្លាប់ត្រូវ​បាន​បញ្ជូន​ទៅពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រៅពន្ធនាគារ​ចំនួន៤លើក​រួចមក​ហើយ ដោយ​ក្នុង​នោះ លើកទី១ នៅខែតុលា ឆ្នាំ​២០១៨ ដោយ​សារ​មានអាការៈហត់ខ្លាំង, លើកទី២ នៅខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយសារ​ចុកត្រង់តម្រងនោម, លើកទី៣ នៅខែឧសភា ឆ្នាំ​២០១៩ ដោយអាការៈហើមជើង និង​លើកទី៤ ចុងក្រោយ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ​២០២០ ដោយ​មានអាការៈហត់ខ្លាំង។

អ្នកនាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្តកណ្តាល បាន​បញ្ជាក់ថា ក្រោយ​ពីធ្វើការ​យ៉ាងយកចិត្តទុកដាក់ដោយ​មាន​ការ​ចូលរួម​ពី​មន្រ្តីពន្ធនាគារ មន្រ្តីសុខាភិបាល ក្រុម​គ្រូពេទ្យ​កោសលវិច័យ និងមន្រ្តីពាក់ព័ន្ធបាន​បង្ហាញថា ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅឌុច គឺស្លាប់បណ្តាល​មក​ពីជំងឺប្រចាំកាយ រលាកទងសួត និង​ជំងឺសួតធ្ងន់ធ្ងរ។

ក្រោយ​ការពិនិត្យ​ចប់សព្វគ្រប់ មន្រ្តីជំនាញ​បានធ្វើ​ការ​ប្រគល់សាកសព ឌុច ទៅ​ឲ្យ​ក្រុម​គ្រួសារ​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី។

សូមបញ្ជាក់ថា ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅឌុច កើតនៅថ្ងៃតី១៧ ខែវិច្ឆិកា ឆ្នាំ​១៩៤២ នៅ​ភូមិ​ពៅវើយ ឃុំ​ពាម​បាង ស្រុកស្ទោង ខេត្តកំពង់ធំ។ គាត់​ត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ​១៩៩៩ ហើយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០០៧ ត្រូវ​បាន​ផ្ទេរ​ទៅ​ឃុំ​ខ្លួន​នៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ពីបទ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ កម្រិតទោស​មួយ​ជីវិត។

នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ​២០១៣ អង្គជំនុំជម្រះ​តុលាការ​កំពូល បាន​ចេញ​សាលដីកា​សម្រេច​ផ្តន្ទា​ទោស កាំង ហ្កេចកអ៊ាវ ហៅឌុច ដាក់ពន្ធនាគារ​អស់មួយ​ជីវិត ហើយ​គាត់​ត្រូវ​បាន​បញ្ជូន​មក​ពន្ធនាគារ​ខេត្ត​កណ្តាល នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៣ ដើម្បីអនុវត្ត​ទោស៕