សង្គម

សមត្ថកិច្ច​កំពុង​តាមចាប់ខ្មាន់កាំភ្លើងរហ័សនាម «ក្របី» ដែលបាញ់រះលើស្ដ្រីម្នាក់បណ្ដាលឱ្យរងរបួសនៅមណ្ឌលគិរី

អាជ្ញាធរខេត្តមណ្ឌលគិរី កំពុងតាមច្បាប់ជនសង្ស័យម្នាក់ដែលជាខ្មាន់កាំភ្លើងមានរហ័សនាម «ក្របី» ក្នុងករណីបាញ់រះលើស្ដ្រីម្នាក់ឈ្មោះ ចន សុវណ្ណណេត ត្រូវចំសួតបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

យោងតាមសេចក្ដីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានឱ្យដឹងនាថ្ងៃទី៩ កក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ឈ្មោះ រស់ ពុទ្ធា ហៅ ក្របី បានបើករថយន្តចំនួន១គ្រឿងចេញពីក្លឹប ដោយមានមនុស្សមួយចំនួនរួមដំណើរ លុះបើកដល់ចំណុចភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជនសង្ស័យក៏បានយកកាំភ្លើងបាញ់តាមបង្អួចរថយន្តមកក្រៅចំនួន៣គ្រាប់ រួចងាកមកក្រោយសម្លឹងមើល ឈ្មោះ ចន សុវណ្ណណេត ហើយទាញកាំភ្លើងបាញ់មកលើជនរងគ្រោះចំនួន១គ្រាប់ ត្រូវចំសួតរងរបួសធ្ងន់រួចគេចខ្លួនបាត់។

ក្រោយកើតហេតុភ្លាមៗកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចុះទៅកន្លែងកើតហេតុ ត្រួតពិនិត្យ និងបញ្ចូនជនរងគ្រោះ ទៅសម្រាកព្យាបាលនៅមន្ទីរ។ ហើយសមត្ថកិច្ចបានស្វែងរកចាប់ខ្លួនជនល្មើសភ្លាមៗក្នុងបទល្មើសជាក់ស្តែង និងស្នើសុំចេញដីកាបញ្ជាឱ្យជនសង្ស័យចូលខ្លួនដើម្បីមកសាកសួរតាមនីតិវិធីច្បាប់។ ដោយតំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ក៏បានចេញដីកាបញ្ជាឱ្យចូលខ្លួនតាមការស្នើសុំ និងទទួលសំណុំរឿងពីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្ត។

គួរបញ្ជាក់ថា បច្ចុប្បន្ន តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើការយ៉ាងយកចិត្តទុកដាក់បំផុតជាមួយជនរងគ្រោះ និងធ្វើការយ៉ាងម៉ត់ចត់ជាមួយកម្លាំងមានសមត្ថកិច្ច រួមទាំងក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដែលជាមេធាវីការពារឱ្យដើមបណ្ដឹង ដើម្បីឈានដល់ការផ្ដល់យុត្តិធម៌តាមផ្លូវច្បាប់ជូនជនរងគ្រោះឱ្យឆាប់រហ័ស៕