ភ្នំពេញ៖ បន្ទាប់ពីមានការផ្ទុះអាវុធចំនួន០៥គ្រាប់ សំដៅលើសមត្ថកិច្ចគយដើម្បីរំដោះរថយន្ដ១គ្រឿងដឹកទំនិញគេចពន្ធ (អាចជាសាច់បង្កក) ពីសមត្ថកិច្ចគយកាលពីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិសាស្ត្រស្រុកទ្រាំង ខេត្តតាកែវ ទើបអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបង្ហោះហ្វេសប៊ុកថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងសកម្មនូវបទបញ្ជាលេខ០១បប ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២របស់រាជរដ្ឋាភិបាលស្ដីពីវិធានការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់និងបង្ក្រាបអំពើរត់គេចពន្ធ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា ទើបទទួលបាននៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឲ្យដឹងបន្តថា កិច្ចការនេះ មានសារសំខាន់សំដៅបង្កើនបរិយាកាសឱ្យមានការប្រកួតប្រជែងដោយស្មើភាពក្នុងអាជីវកម្ម ការកៀរគរចំណូលចូលថវិកាជាតិ និងការពារសង្គម (បង្ក្រាបការរត់ពន្ធគ្រឿងញៀន និងទំនិញខូចគុណភាព…) ជាដើម។
អគ្គនាយកដ្ឋានគយបានគូសបញ្ជាក់ថា ជាក់ស្ដែង កាលពីដើមសប្ដាហ៍ទី១ នៃខែកក្កដា អង្គភាពគ្រប់គ្រងហានិភ័យ និងសវនកម្មគយ សហការជាមួយក្រុមអន្តរាគមន៍ពិសេសបានចុះប្រតិបត្តិការបង្ក្រាបទំនិញរត់គេចពន្ធនៅតាមគោលដៅមួយចំនួន ដោយបង្ក្រាបបានរថយន្តដឹកទំនិញគេចពន្ធចំនួន១១គ្រឿង ដែលមានទម្ងន់សរុប ៦៩,៥២០.០០គីឡូក្រាម និងមានប្រាក់ពន្ធ និងអាករប៉ាន់ស្មាន រួមទាំងពិន័យបទល្មើសនឹងច្បាប់ស្ដីពីគយមានប្រមាណជាង៤០០លានរៀល។
អគ្គនាយកដ្ឋានបានបញ្ជាក់ទៀតថា នាយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិសាស្ត្រស្រុកទ្រាំង ខេត្តតាកែវ ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះ មានឧបទ្ទវហេតុប្រឈមមួយ ដោយមានជនប្រដាប់អាវុធមួយក្រុមប្រើប្រាស់រថយន្ដចំនួន០៣គ្រឿង មករារាំង និងបានផ្ទុះអាវុធចំនួន០៥គ្រាប់ សំដៅលើសមត្ថកិច្ចគយដើម្បីរំដោះរថយន្ដ១គ្រឿងដឹកទំនិញគេចពន្ធ (អាចជាសាច់បង្កក) ពីសមត្ថកិច្ចគយ។ ដោយពេលយប់ងងឹត និងដើម្បីសុវត្ថិភាព សមត្ថកិច្ចគយបានផ្អាកការប្រដេញរថយន្តនោះ ហើយជនប្រដាប់អាវុធទាំងនោះបានរំដោះ និងនាំយករថយន្តដឹកទំនិញគេចពន្ធនោះទៅបាត់។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបញ្ជាក់ទៀតថា ដោយការរារាំងសមត្ថកិច្ចគយ និងជាពិសេសការផ្ទុះអាវុធមកលើសមត្ថកិច្ចគយកំពុងអនុវត្តច្បាប់ ជាបទល្មើសធ្ងន់ធ្ងរ មន្ត្រីគយបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ចខេត្តតាកែវ ហើយដោយមានការគាំទ្រ និងយកចិត្តទុកដាក់ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជនបង្កហេតុផ្ទុះអាវុធមកលើសមត្ថកិច្ចគយ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច និងតុលាការខេត្តតាកែវចាប់ឃុំខ្លួន និងកំពុងចាត់ការបន្ដតាមនីតិវិធីច្បាប់ជាធរមាន។
គួររំលឹកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងបានណែនាំជារឿយៗ ដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យគាំទ្រដល់សមត្ថកិច្ចគយ និងពន្ធដារក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដើម្បីកៀរគរចំណូលថវិកាជាតិ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អំពាវនាវដល់អាជីវករ និងពាណិជ្ជករ សូមចូលរួមបំពេញកាតព្វកិច្ចពន្ធនិងអាករតាមច្បាប់ជាធរមាន។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានឹងបន្តអនុវត្តវិធានការទប់ស្កាត់ និង បង្ក្រាបអំពើរត់គេច និងបន្លំពន្ធ ដូចភ្លៀងរលឹមស្របតាមខ្លឹមសារយុទ្ធសាស្ត្រកៀរគរចំណូល រយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល បទបញ្ជាលេខ០១បប និងឯកសារពាក់ព័ន្ធដទៃទៀត៕