កណ្តាល៖ «យើងទាំងអស់គ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ដើម្បីទទួលបានផ្លូវបេតុង ស្ពានសុខសន្តិភាព និងការអភិវឌ្ឍន៍ ព្រោះថាប្រទេសជាតិយើងមានសុខសន្តិភាព យើងមានឱកាសនាំយកកសិផលយើងទៅលក់នៅបរទេស ដូច្នេះសុខសន្តិភាពសំខាន់ណាស់»។ នេះជាការថ្លែងបញ្ជាក់យ៉ាងច្បាស់ៗរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល នាថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាប្រមាណ១៦០០នាក់ មកពីសង្កាត់ឈើខ្មៅ នៃក្រុងសំពៅពូន និងឃុំកោះធំ-ក នៃស្រុកកោះធំ ដែលជាថ្ងៃទី៦ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងឲ្យដឹងថា ឯកឧត្តមគឺជាកូនរបស់អ្នកស្រុកកោះធំ ត្រូវជាចៅរបស់លោកតាដួង នៅព្រែកតាដួង ដែលបានឱកាសទៅរៀនសូត្រនៅឯបរទេស និងមានព្រេងវាសនាបានធ្វើជាទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងពីសមិទ្ធផលជាច្រើនដែលបានកើតឡើងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារួមមាន៖ ផ្លូវ ស្ពាន កំពង់ផែ ផ្លូវល្បឿនលឿន វត្តអារាម សាលារៀន មន្ទីរពេទ្យ និងមន្ទីរពេទ្យតេជោសែនកោះធំកំពុងសាងសង់ជិតរួចរាល់ គម្រោងព្រលានយន្តហោះក្រុងតាខ្មៅ សៀមរាប គម្រោងផ្លូវរថភ្លើងល្បឿនលឿន រថភ្លើងក្រោមដី គម្រោងផ្លូវល្បឿនលឿនលឿន និងគម្រោងព្រែកជីកហ្វូណនតេជោ។
ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀត។
នៅក្នុងពិធីសំណេះសំណាល់បងប្អូនប្រជាពលរដ្ឋបានលើកដៃអបអរសាទរនិងស្រែកខ្លាំងៗចង់បានសុខសន្តិភាពគ្រប់ៗគ្នា និងបានសន្យាថា នាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ទាំងអស់គ្នា។
គួរជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គួរបញ្ជាក់ផងដែរថា គណបក្សនយោបាយដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំស្តីពីការឃោសនាបោះឆ្នោតក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕