មនុស្សចំនួន ១០នាក់ ក្នុងនោះមានកម្មករចម្ការចេករបស់ក្រុមហ៊ុនហ័ងអាញ អណ្ដូងមាសដែលស្ថិតនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ចំនួន ៥នាក់ផងបានស្លាប់ជាបន្តបន្ទាប់ដោយសារករណីពុលស្រា។ នេះបើតាមការបញ្ជាក់ពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរីដែលសហការស្រាវជ្រាវដោយយកសំណាកទៅពិសោធន៍ជាមួយមន្ទីរសុខាភិបាលខេត្ត និងសមត្ថកិច្ច។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី គិតត្រឹមថ្ងៃទី០៣ ខែកក្កដា មានជនរងគ្រោះទាំង ១០នាក់ដែលបានស្លាប់បណ្តាក់គ្នា។ តាមលទ្ធផលស្រាវជ្រាវ ជនរងគ្រោះទាំងនោះបានស្លាប់ដោយសារករណីពុលស្រាដែលបានទិញនៅកន្លែងលក់ស្រាក្បែរក្រុមហ៊ុន។ ពោលមិនមែនស្លាប់ដោយសារពុលថ្នាំបាញ់ស្មៅ និងថ្នាំបាញ់សម្លាប់សត្វល្អិតដូចការសន្និដ្ឋានដំបូងឡើយ។
មន្ទីរការងារខេត្តរតនគិរីបានសសេរបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានដូច្នេះថា «គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នេះមានជនរងគ្រោះសរុបចំនួន ១១នាក់ បានបាត់បង់ជីវិតចំនួន ១០នាក់ ក្នុងនោះមានកម្មករនិយោជិតចំនួន ៥នាក់ បើទោះបីជាមានការខិតខំប្រឹងប្រែងជួយអន្តរាគមន៍សង្គ្រោះពីគ្រប់អាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ»។
បន្ទាប់ពីមានហេតុការណ៍នេះខាងមន្ទីរសុខាភិបាលខេត្តបានចុះទៅស្រាវជ្រាវ ដោយបានដឹងថា មុនពេលស្លាប់ ជនរងគ្រោះមានសភាពធ្ងន់ធ្ងរ សន្លប់ ប្រកាច់ ក្អួត ហត់អស់កម្លាំង ស្រវាំងភ្នែក ចុកពោះ ខណៈជនរងគ្រោះតែងតែទទួលទានស្រាជាប្រចាំ ហើយគ្មានប្រវត្តិជំងឺប្រចាំកាយទេ។
មន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា ក្រោយពីជនរងគ្រោះមានរោគសញ្ញាចន្លោះពី៤ ទៅ៦ម៉ោង បណ្តាលឱ្យជនរងគ្រោះបានស្លាប់ជាបន្តបន្ទាប់គ្នាតែម្តង៕