សង្គម

ចាប់បានហើយ កូនប្រុសលោកឧកញ៉ា ញឹក ផន ដែល​ទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ​

សេចក្តីរាយការណ៍​ចុងក្រោយ​បាន​ឲ្យដឹងថា ពេលនេះ​សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានចាប់ខ្លួនឈ្មោះ ញឹក ផល រហ័ស្សនាម០៩ ជាកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅ បានហើយ ពាក់ព័ន្ធករណីទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ។

គួររំលឹកថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦៖៤៥នាទី នៅចំណុចផ្លូវចូលចម្ការអំពៅ របស់ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន ហៅតាកៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុសរបស់លោកឧកញ៉ា ញឹក ផន ដែលមានរហ័ស្សនាម០៩ និង ឈ្មោះ ប្រាក់ សំបាន ជាអ្នកបើកបរម៉ូតូ ។

ភាគីទាំងពីរបានបង្កទំនាស់នឹងគ្នា រហូតដល់ភាគីខាងអ្នកបើកបររថយន្ត រហ័ស្សនាម០៩ ទាញកាំភ្លើងវែង AK47 ពីក្នុងរថយន្តគំរាម ភាគីអ្នកបើកបរម៉ូតូ ។

យោងតាមការចេញផ្សាយលើហ្វេសប៊ុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បង្ហាញថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម , លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងជំនាញ និង លោកអធិការនគរបាលស្រុកទឹកផុស ចុះទៅកន្លែងកើតហេតុ ដើម្បីចាត់ការតាមនីតិវិធី ។

មជ្ឈដ្ឋានជាច្រើន សម្តែងជាចម្ងល់ថា តើកូនប្រុសរបស់លោកឧកញ៉ា ញ៉ឹក ផន រហ័សនាម០៩ មានតួនាទី ជាអ្វីអោយពិតប្រាកដ បានជាមានកាំភ្លើង AK47 ជាប់នឹងខ្លួនបែបនេះ ? ៕