អតីតមេគុកទួលស្លែង នៃរបបខ្មែរក្រហម គឺលោក កាំង ហ្គេចអ៊ាវ ហៅឌុច ត្រូវបានគេបញ្ជូនទៅធ្វើការសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។
តាមលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ប្រាប់បណ្តាញព័ត៌មាននៅព្រឹកមិញថា មុនពេលបញ្ជូនទៅសង្គ្រោះនេះ ទណ្ឌិតឈ្មោះ កាំង ហ្គេកអ៊ាវ ហៅ ឌុច មានអាការៈហត់ខ្លាំង អស់កម្លាំង ខណៈវ័យកាន់តែចាស់ផងដែរ។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ឌុច មានអាយុ ៧៨ឆ្នាំហើយ , លោកត្រូវបានចាប់ខ្លួនកាលពីឆ្នាំ១៩៩៩ និងត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំង តុលាការយោធា រហូតដល់ថ្ងៃបញ្ជូនខ្លួន មកកាន់មន្ទីរឃុំឃាំងរបស់សាលាក្តីខ្មែរក្រហមនៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៧។ ឌុចមាន តួនាទីជាអនុលេខា បន្ទាប់មកជាលេខាគណៈ កម្មាធិ ការមន្ទីរ ស-២១ (មន្ទីរសន្តិបាល ដែលគេស្គាល់ ជាទូទៅថា គុកទួលស្លែង) នៅក្នុងរបប ខ្មែរក្រហម។
កាំង ហ្កេកអ៊ាវ ហៅឌុច ត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូងនៃអ.វ.ត.ក នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែង ដោយសម្រេចដាក់ពន្ធនាគាររយៈពេល ៣៥ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ឆ្នាំ និងសំណងលើការសហការចំនួន ៦ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ឆ្នាំ។ ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់ ហើយអង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តី នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុច ដាក់ពន្ធនាគារអស់មួយជីវិត៕