ខេត្តកំពង់ធំ: ទីតាំងល្បែងមាន់ជល់អនឡាញ និងឡូតូបច្ចុប្បន្ននេះត្រូវបានគេមើលឃើញថា កើតមានស្ទើរតែគ្រប់ហាងកាហ្វេឡើងវិញហើយ នៅក្នុងស្រុកបារាយណ៍ ជាពិសេស ទីតាំង០១កន្លែង បង្កប់ក្នុងតៀមកាហ្វេ នីន នីន កាហ្វេដូង ចំនុចគីឡូម៉ែត្រលេខ១១១ ស្ថិតនៅក្នុងភូមិស្វាយ ឃុំបារាយណ៍ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ដោយមានសំឡេងអ្នកលេង ហ៊ោរកញ្ជ្រៀវអឺងកង ប៉ុន្តែសំឡេងទាំងនោះ មិនបានលឺប៉ះដល់ត្រចៀកមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុមូលដ្ឋាននោះឡើយ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌាទើបទទួលបាន។
ប្រភពបានលើកឡើងថា ល្បែងអនឡាញតាមទូរទស្សន៍និងឡេបថប ដ៏ពេញនិយមទាំងនោះ គេមានលេងភ្នាល់ប្រាក់ រាប់ម៉ឺន លានរៀល ក្នុងមួយថ្ងៃៗ បើតាមពិតទៅ ទីតាំងល្បែងទាំងនោះ ក៏គេឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀតត្រូវគេថែរក្សាទុក។ ហើយបើតាមប្រភពខ្លះទៀតថា អាជ្ញាធរស្រុក ក៏ដូចជាលោកសួង ថេង អធិការស្រុក គេទុក្ខគ្រាន់ចិញ្ចឹមឆ្នាំងបាយ។
ពាក់ព័ន្ធនឹងល្បែងស៊ីសងខាងលើ បណ្ដាញសារព័ត៌មានពេញចិត្តមេឌា បានធ្វើការទំនាក់ទំនង ទៅលោកសួង ថេង អធិការស្រុកបារាយណ៍ ដោយលោកបានប្រាប់មកវិញថា លោកកំពុងជាប់ប្រជុំ ចាំឱ្យមន្ត្រីប៉ុស្តិ៍ចុះទៅត្រួតពិនិត្យមើល។
គួរបញ្ជាក់ថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
ដូច្នេះប្រសិនបើមន្ត្រីអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះទេ
គឺបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ មានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធ ដើម្បីលាភសក្ការៈ ដាក់ហោប៉ៅ រាងខ្លួន ដោយពុំបានអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញនោះទេ។
ទោះយ៉ាងណាក៏ដោយ ពលរដ្ឋនៅក្នុងឃុំបារាយណ៍ នៅតែអំពាវនាវ ស្នើសុំ លោកឧត្តមសេនីយ៍ទោ មែ៉ន លី ជួយទប់ស្កាត់និងបង្ក្រាប ល្បែងស៊ីសងជល់មាន់តាមអនឡាញ ដែលមានស្លាកសញ្ញាសំគាល់ (N.Y.88) កំពុងពង្រីកទីតាំងរបស់ខ្លួននៅតាមបណ្ដាស្រុកជាច្រើនកន្លែងក្នុងខេត្តកំពង់ធំ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299