នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម និងលោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកកងមាស បានដឹកនាំសហការី ចុះសួរសុខទុក្ខ និងបានរៀបចំពិធីប្រគល់ផ្ទះដែលទេីបសាងសង់រួច មានទំហំ ៥ម៉ែត្រ*៧ម៉ែត្រ សង់អំពីដែកជញ្ជាំងស្មាតបត ដំបូលប្រកស័ង្កសី ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន ៦គ្រួសារ នៅស្រុកកងមាស។
ក្នុងឱកាសនោះដែរ លោកប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ឧបត្ថម្ភដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនទាំង៦គ្រួសារ មានដូចជា: ថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រេីប្រាស់មួយចំនួន ព្រមទាំងបានឧបត្ថម្ភថវិកាដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋមួយចំនួនដែលបានអញ្ជេីញចូលរួមក្នុងពិធីផងដែរ ។
ក្នុងពិធីប្រគល់ផ្ទះនេះ ក៏មានការនិមន្ដចូលរួមពីព្រះសង្ឃ និងបានចូលរួមឧបត្ថម្ភជាបច្ច័យ និងសម្ភារៈមួយចំនួនដល់អតីតយុទ្ធជន និងដោយមានការអញ្ជេីញចូលរួមពីលោកស្នងការរង ក្រុមការងារលេខាធិការដ្ឋានខេត្ត លោកប្រធាន-អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុក លោកប្រធានកិត្តិយសសាខាឃុំ និងសមាជិកសមាជិកាពាក់ព័ន្ធមួយចំនួនផ្សេងទៀត ។
សូមបញ្ជាក់ផងដែរថា ដោយមេីលឃេីញពីការលំបាករបស់បងប្អូនអតីតយុទ្ធជន លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានគោរពស្នេីសុំការសាងសង់ផ្ទះតាមរយៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត គោរពជូនឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដេីម្បីសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ បានផ្ដល់ជូនការសាងសង់ផ្ទះចំនួន២៩ខ្នង ជាចំណង់ដៃថ្មីបន្ថែមនៅដេីមឆ្នាំ២០២៣ ជូនបងប្អូនអតីតយុទ្ធជនកម្ពុជាដែលផ្ទះចាស់ទ្រុឌទ្រោម និងដេីម្បីលេីកស្ទួយកម្ពស់កម្រិតជីវភាពប្រចាំថ្ងៃ សម្រួលដល់ការរស់នៅឲ្យបានសមរម្យ ផងដែរនោះ ៕