ខេត្តតាកែវ ៖ ក្រោយពីមានការចុះផ្សាយពីសារព័ត៌មាននានា រឿងលោកអភិបាលស្រុកព្រៃកប្បាស ឱ្យថៅកែដីឡូត៍លុបប្រឡាយដាក់លូ កាលពីពេលកន្លងមក នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតជម្រាបមក លោកអភិបាលនៃគណៈអភិបាលខេត្តតាកែវ សូមពិនិត្យនិងដោះស្រាយរួចរាយការណ៍ជាលាយលក្ខណ៍អក្សរមកក្រសួងមហាផ្ទៃ ដើម្បីក្រសួងមានវិធានការចាត់ការបន្ត។
សូមរំឮកថា ពលរដ្ឋរួមទាំងមន្ត្រីរាជការជាច្រើន បាននាំគ្នារិះគន់កប់ៗមាត់រឿងលោក ឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាស ដែលបានឱ្យថៅ កែដីឡូត៍លុបប្រឡាយ ដាក់លូ មានទំហំតូចក្នុងប្រឡាយមេរំដោះទឹក ដែលមានទទឹង២៥ម៉ែត្រ ស្ថិតនៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលរឿងនេះ លោកអភិបាលស្រុកព្រៃកប្បាស ច្រើនជំនាន់មកហើយ បានទប់ស្កាត់ការដាក់លូលុបប្រឡាយ មេរំដោះទឹកមួយនេះ ព្រោះប្រឡាយមេមួយនេះ មានសារៈសំខាន់ណាស់ ក្នុងការំដោះទឹក ឬស្តុកទឹកទុកឱ្យពលរដ្ឋប្រើប្រាស់។
ជុំវិញករណីខាងលើ លោក ឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាស ក៏បានទទួលស្គាល់ថា លោកពិតជាអនុញ្ញាតច្បាប់ ឱ្យថៅកែដីឡូត៍ ចាក់លុបប្រឡាយ ដាក់លូ នៅចំណុចខាងលើមែន ដោយផ្អែកទៅលើមន្ត្រីជំនាញ ចុះសិក្សាឯកភាពគ្នា។លោកអភិបាលស្រុកបញ្ជាក់ទៀតថា បើករណីចាក់ដីលុបប្រឡាយនេះ ត្រូវបានពលរដ្ឋរិះគន់លោកនឹងពិចារណាឡើងវិញ។
ដោយ: សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299