សង្គម

​ជលផល​ខេត្ត​កែបបង្ក្រាបករណី​លក់​សាច់​ជ្រូក​ទឹក​នៅ​ផ្សារ​កែប ​

បន្ទាប់ពីពលរដ្ឋ​បាន​រាយការណ៍​មក​ថា មាន​ករណី​លក់​សាច់​ជ្រូក​ទឹក​នៅ​ផ្សារ​កែប ភ្លាម​ៗ​កម្លាំងជំនាញ​ជលផល​ខេត្ត​កែប ចុះ​ទៅ​បង្ក្រាប និង​ចុះ​កិច្ចសន្យាចំពោះអ្នកលក់ជ្រូកទឹក​។ នេះ​បើ​យោង​តាម​ទំព័រហ្វេសបុកផេក «​ព័ត៌មាន​ខេត្ត​កែប» ​បាន​បង្ហោះ​នៅរសៀលថ្ងៃទី១៩ ខែមិថុនា​នេះ​។

សូមជម្រាបផងដែរថា ជ្រូក​ទឹក​បាន​ចុះបញ្ជី​ក្រហម IUCN (VU) ជា​ប្រភេទ​ងាយ​រងគ្រោះ​លើ​ពិភពលោក ប្រភេទ​នេះ​ត្រូវបាន​ចុះបញ្ជី​ឧបសម្ព័ន្ធ ១ របស់​អនុសញ្ញា សាយ​តេស​។ វា​មាន​ទំហំ​ធំ​ប្រហាក់ប្រហែល​នឹង​ផ្សោត​ដែរ ប៉ុន្តែ​វា​ធាត់​ជាង​ហើយ​មាន​ភ្លុក​២​ដូច​ដំរី ដែល​ដុះ​ចេញពី​អញ្ចាញធ្មេញ និង​មាន​ព្រុយ​ចំហៀង​ធំ​រាង​ដូច​ច្រវា​ទូក​។ វា​មាន​ស្បែក​រលោង​ពណ៌​ត្នោត ឬ​ប្រផេះ​ក្រ​ម៉ៅ និង​ដុះ​រោម​មួយ​។ រន្ធ​ច្រមុះ​ស្ថិតនៅ​ទីតាំង​ចុង​ច្រមុះ ហើយ​មាន​សន្ទះ​គ្រប​សម្រាប់​បិទ​នៅពេល​វា​មុជ​ទៅក្នុង​ទឹក​។ ប្រវែង​ទើប​កើត ១-១,៥​ម ពេញវ័យ ៣,៣-៤,១​ម និង​ទម្ងន់ ទើប​កើត ២៥-៣៥​គ​.​ក ពេញវ័យ១០០០ គ​.​ក ។

ជ្រូក​ទឹក​រស់នៅ​ជា​ក្រុម​ដែលមាន​ចំនួន​រហូតដល់​រាប់រយ ដោយ​ធ្វើ​ចលនា​យឺតៗ​ក្នុង​ល្បឿន​មធ្យម​ប្រមាណ ១០​គ​.​ម​/​ម​។ ហើយ​ចូលចិត្ត​រស់នៅ​តំបន់​ដែលមាន​ទឹក​រាក់ៗ និង​សម្បូរ​ទៅដោយ​ស្មៅ​សមុទ្រ​ដែលជា​ចំណីអាហារ​របស់​វា​។ ជ្រូកទឹក​មាននៅ​ដែនសមុទ្រ​កម្ពុជា​តាម​តំបន់​មាន​ស្មៅ​សមុទ្រ​នៃ​ខេត្តកោះកុង ឆក​កំពង់សោម កោះរុង និង​កោះរុងសន្លឹម ហើយ​សព្វថ្ងៃ​មាននៅ​ខេត្តកំពត និង​ក្រុងកែប​តែប៉ុណ្ណោះ​៕