ខេត្តតាកែវ ៖ ជិតដល់ថ្ងៃដែលបើកសំណើរដេញថ្លៃ ធ្វើផ្លូវបេតុងអាមេប្រវែជាង៤០០ម៉ែត្រ ដែលជាគម្រោងរបស់រដ្ឋបាលសាលាស្រុកអង្គរបូរី តែលោកចៅហ្វាយស្រុក នៅតែមិនព្រមលក់ពាក្យឲ្យក្រុមហ៊ុន ដែលមានបំណងចូលរួមដេញថ្លៃដដែល។
ជារឿងផ្ទុយស្រឡះ ដែលលោក រស ប៊ុនធឿន អភិបាលស្រុកអង្គរបូរី ដាក់ប្រកាសលក់ពាក្យ ដេញថ្លៃជាសាធារណៈក្នុងគម្រោងធ្វើផ្លូវអភិវឌ្ឍ ក្នុងមូលដ្ឋានខ្លួននោះទេ គឺមិនលក់ពាក្យឲ្យក្រុមហ៊ុនដែលមានបំណង ចូលរួបដេញថ្លៃឲ្យ ទូលំទូលាយនោះទេ។ មានក្រុមហ៊ុនជាច្រើន ដែលមានបំណងទៅទិញពាក្យ បានបញ្ជាក់ថា អ្នកកាន់ពាក្យសម្រាប់លក់ឲ្យក្រុមហ៊ុន មិនព្រមលក់ទេ គឺទាល់តែមានបញ្ជាពីលោក រស ប៊ុនធឿន ដែលជាចៅហ្វាយស្រុក ទើបគេព្រមលក់ឲ្យ។ ពួកគេនិយាយថា ប្រហែលជាលោកចៅហ្វាយស្រុក លក់ពាក្យឲ្យក្រុមហ៊ុនណាដែលមានសម្ពន្ធភាពស្និត ជាមួយលោកហើយមើលទៅ ព្រោះងាយស្រួលនិយាយគ្នា ពេលដេញថ្លៃបានគម្រោង (ឃុបឃឹតគ្នាពុករលួយរវាងអាជ្ញាធរ និង ក្រុមហ៊ុន)។
ពាក់ព័ន្ធការមិនលក់ពាក្យឲ្យក្រុមហ៊ុននេះ លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរី មិនអាចសុំការបំភ្លឺបានទេ ដោយហៅទូរស័ព្ទចូលជាច្រើនដង លោកមិនទទួល។
សូមបញ្ជាក់ថា រដ្ឋបាលស្រុកអង្គរបូរី បានប្រកាស់លក់ពាក្យចូលរួមដេញថ្លៃ ការងារជុសជុលផ្លូវបេតុងអាមេប្រវែង ៤៥១ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងស្លាកសញ្ញាគម្រោង០១កន្លែង ប្រចាំឆ្នាំ២០២៣ ស្ថិតនៅភូមិពន្លៃខាងជើង ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ដោយលក់ពាក្យចាប់ពី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ និង ទទួលពាក្យបើកសំណើរដេញថ្លៃនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៩និង០០នាទីព្រឹក នៅអង្គភាពលទ្ធកម្មសាលាស្រុកអង្គរបូរី។ ក្នុងនោះដែររដ្ឋបាលសាលាស្រុកបញ្ជាក់ថា គ្រប់បណ្តាក្រុមហ៊ុន សហគ្រាស (គឹតទាំងសហគ្រាសឯកត្តបុគ្គល)ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា អាចចូលរួមដាក់ពាក្យដេញថ្លៃបានជាសារធារណៈ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងផ្ដល់ព័ត៌មាន:010840732/061881299