សង្គម

កំឡុងសប្តាហ៍នេះ កម្ពុជានឹងបន្តធ្លាក់ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ និងផ្គរ រន្ទះ

ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១៣ ខែមិថុនា បានប្រកាសថា នៅមួយសប្តាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ​ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ។

ក្រសួងធនធានទឹក បញ្ជាក់ថា លក្ខណៈបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ អង្សាសេ ។ ចំណែកតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ អង្សាសេ ។ រីឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សាសេ។ តំបន់ទាំង៣ខាងលើនេះ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងបង្កដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ជាមួយគ្នានោះ ក្រសួងធនធានទឹក​ ក៏បានអំពាវនាវឲ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នចំពោះ បាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕