រាជរដ្ឋាភិបាលសម្រេចផ្តល់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្ត្រីដែលបម្រើការនៅតាមរង្គសាល, ឌីស្កូតែក, ខារ៉ាអូខេ, បៀរហ្គាឌិន, កន្លែងម៉ាស្សា និងស្ប៉ា ស្របតាមលិខិតបទដ្ឋាន គតិយុត្តជាធរមាន ដែលរដ្ឋនឹងរាប់រងនូវចំណាយទាំងស្រុង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។
រាជរដ្ឋាភិបាលបានអំពាវនាវដល់និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ក្នុងវិស័យសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវរៀបចំបញ្ជីឈ្មោះបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ខ្លួនបញ្ចូនទៅរដ្ឋបាលរាជធានី-ខេត្ត ឬក្រុង/ស្រុក/ ខណ្ឌ ដើម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវ មុននឹងស្នើទៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីចុះបញ្ជីឱ្យពួកគាត់អាចទៅទទួលយកអត្ថប្រយោជន៍ក្រោមកញ្ចប់មូលនិធិសមធម៌សុខាភិបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ នៅទូទាំងប្រទេសដោយឥតបង់ថ្លៃ។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងកាលពីសប្តាហ៍មុន សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឱ្យមានមានការរើសអើងចំពោះស្ត្រីដែលបម្រើការងារនៅកន្លែងផ្ដល់សេវាកម្សាន្តនានា។ សម្ដេចក៏បានណែនាំដល់ភរិយាអភិបាលខេត្ត និងអភិបាលរងខេត្តជាស្ត្រី ត្រូវធ្វើជាប្រធានក្នុងការគ្រប់គ្រងដល់ស្ត្រីបម្រើការងារនៅតាមទីតាំងកម្សាន្តនេះ ដើម្បីចូលរួមជួយដោះស្រាយទុក្ខលំបាកនានារបស់ពួកគាត់។
គួររំលឹកផងដែរថា កន្លងមករាជរដ្ឋាភិបាលបានដាក់ចេញនូវអន្តរាគមន៍គាំពារសង្គមនានា ក្នុងគោលបំណងធានាឱ្យបាននូវសន្តិសុខប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅកាត់បន្ថយ និងទប់ស្កាត់ការធ្លាក់ចុះក្នុងភាពក្រីក្រជាអតិបរមា ជូនប្រជាជនគ្រប់រូប។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលតែងតែគិតគូរយ៉ាងមធ្យ័តអំពីសុខុមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប ដោយឈរលើគោលនយោបាយ «មិនបោះបង់ពលរដ្ឋណាម្នាក់» ឡើយ៕