សង្គម

ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជួបពិភាក្សា ក្រុមហ៊ុនបរទេសចំនួនពីរ សិក្សាពីឱកាសវិនិយោគនៅកម្ពុជា

នៅវិមានសន្តិភាព នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលភារ:កិច្ចជួយលើផ្នែកវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់

អភិបាលកិច្ច បានទទួលជួបជាមួយនឹងប្រតិភូក្រុមហ៊ុនបរទេសចំនួនពីរក្នុងពេលជាមួយគ្នាដែលរួមមាន៖

ក្រុមហ៊ុន Shannxl Construction Engineering Group Corporation Limited តំណាងដោយលោក Yan Yongjun ជាប្រធាន (Chairman) និង ក្រុមហ៊ុន Glory Energy Storage Tech ដែលមានលោក An Yemin ជាអគ្គនាយក (CEO) ។

ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានពាំនាំនូវការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះគណ:ប្រតិភូក្រុមហ៊ុនបរទេស ដែលបានអញ្ជើញមកសិក្សាពីឱកាសធ្វើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រោយពីគណ:ប្រតិភូក្រុមហ៊ុនបានធ្វើការណែនាំអំពីក្រុមហ៊ុនរបស់ខ្លួន និងបង្ហាញគោលបំណងនៃការសិក្សាអំពីឱកាសវិនិយោគនៅកម្ពុជា ឯកឧត្តម ព្រាប កុល បានផ្តល់ការណែនាំអំពីសក្ដានុពលនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ការវិនិយោគលើច្រើនវិស័យរួមមាន តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាស កសិ-ឧស្សាហកម្ម ហេត្ថារចនាសម្ពន្ធ័ និងថាមពល ។ល។ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន ដែលសហគ្រាស និងក្រុមហ៊ុនបរទេសទទួលបានពីការវិនិយោគនៅកម្ពុជា តាមរយ:គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកត្តាអំណោយផល និងបរិយាកាសល្អសម្រាប់ការធ្វើពាណិជ្ចកម្ម ដោយសាកម្ពុជាធានាបាននូវស្ថិរភាពនយោបាយ មានហេត្ថារចនាសម្ពន្ធ័សមរម្យ និងមានគុណសម្បត្តិផ្សេងៗជាច្រើនទៀត។

គណ:ប្រតិភូនៃក្រុមហ៊ុនបរទេសបានកោតសរសើរដល់កម្ពុជា ដែលបានប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ និងជាពិសេសបានធានានូវបរិយាកាសអំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្ម និងបានផ្ដាំថ្លែងអំណគុណដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែស្វាគមន៍ និងលើកទឹកចិត្តដល់អ្នកវិនិយោគបរទេស និងថ្លែងអំណរគុណដល់ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានផ្ដល់កិត្តិយស និងឱកាសសម្រាប់ការជួបពិភាក្សាដោយផ្ទាល់នៅថ្ងៃនេះ ហើយសង្ឃឹមថា ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនឹងបន្តជួយគាំទ្រ និងសហការណ៍ជាមួយក្រុមហ៊ុន ដើម្បីធ្វើការសិក្សាពីឱកាសវិនិយោគនៅកម្ពុជារហូតដល់ក្រុមហ៊ុនអាចបោះទុនវិនិយោគដ៏ធំនៅពេលខាងមុខ ដើម្បីចូលរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា និងបង្កើតការងារជូនដល់ប្រជាពលរដ្ឋខ្មែរបន្ថែមទៀត៕


ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299