យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់ថា រដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី១៨ ខែសីហា បានសម្រេចការផ្អាកមិនឲ្យប្រជាពលរដ្ឋខ្មែរចេញចូលដឹកជញ្ជូនទំនិញរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។ ការផ្អាកនេះ គឺក្នុងអំឡុងពេល នៃថ្ងៃឈប់សម្រាកសាធារណៈ របស់ព្រះរាជាណាចក្រថៃ។
សូមរំលឹកថា រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និង រដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ បានឯកភាពគ្នា ដើម្បីអនុញ្ញាតឱ្យបងប្អូនអាជីវករខ្មែរ ពិនិត្យ និងប្រមូលទំនិញរបស់ពួកគេនៅផ្សាររោងក្លឿ ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២០ មក។ ដោយក្នុងនោះ ប៉ុស្តិ៍ត្រួតពិនិត្យ នឹងត្រូវបើករយៈពេល ៥ ម៉ោង ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ ព្រឹក ហើយមានតែរថយន្តចំនួន ៥០ គ្រឿង ដែលត្រូវបានអនុញ្ញាតឆ្លងកាត់ក្នុងមួយថ្ងៃ។
ការបើកច្រកព្រំដែនជាថ្មី គឺដើម្បីជួយសម្រួលដល់អាជីវករកម្ពុជា ក្នុងការនាំទំនិញ របស់ពួកគេត្រឡប់ពីផ្សារថៃ មកប៉ោយប៉ែតវិញ ។ ពួកគេមិនត្រូវបានអនុញ្ញាតឲ្យធ្វើ សកម្មភាពអាជីវកម្មណាមួយនៅទីផ្សារនោះទេ៕