សង្គម

មានភាពមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ នៅឃុំទ្រា ស្រុកសំរោង

ខេត្តតាកែវ ៖ ការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់មួយ នៅឃុំទ្រា ស្រុកសំរោង ត្រូវបានមហាជនមើលឃើញថាជាការ ស៊ំគ្រលំគ្នារវាងក្រុមហ៊ុន និង ក្រុមហ៊ុន យកលុយចែកគ្នាចាយសុទ្ធសាទ ព្រោះមុនការដេញថ្លៃមានអ្នកដើរនិយាយថ្លៃគ្នាពេញបរិវេណសាលាឃុំ និងក្រោយការដេញថ្លៃចប់ មានក្រុមហ៊ុនជាច្រើនបានមករងចាំជួបម្ចាស់គម្រោងដេញថ្លៃបាននៅក្បែរវត្តខ្សាច់សរ ដែលនៅមិនឆ្ងាយពីសាលាឃុំ។

នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២ វេលាម៉ោង៨និង៣០នាទី នៅសាលាឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ មានការរៀបចំទទួលនិងបើកសំណើរដេញថ្លៃរកអ្នកទទួលគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធឃុំ សង្កាត់ ៣គម្រោង ក្នុងនោះត្រូវបានមហាជនមើលឃើញថា មានការឃុបឃឹតគ្នាជាប្រព័ន្ធ រៀបចំគម្រោង បានយ៉ាងល្អស្អាតពីព្រោះតម្លៃដែលដេញបាននិងតម្លៃប៉ាន់ស្មានគឺប្រហាក់ប្រហែលគ្នា មិនដូចការដេញថ្លៃនៅឃុំដទៃក្នុងខេត្តតាកែវ។ ជាងនេះ គឺមាន៣ក្រុមហ៊ុនបានដាក់ប៊ីតចូលរួមដេញថ្លៃ ចំណែកក្រុមហ៊ុនដ៏ទៃទៀតអង្គុយមើល និងដកខ្លួនចេញរងចាំយកលុយថ្លៃទឹកតែ នៅខាងក្រៅសាលាឃុំ។ ក្នុងនោះក្រុមហ៊ុនដែលដាក់ប៊ិតដេញថ្លៃបានមាន៖ ១. ក្រុមហ៊ុន សំណង់ទូទៅម៉មដាវី ដេញថ្លៃគម្រោងស្តារប្រឡាញក្នុងឃុំជើងគួនប្រវែង១៩០០ម៉ែត្រដេញបានក្នុងតម្លៃ៨១,៦៩៣,៩០០រៀល ដែលតម្លៃប៉ាន់ស្មានមាន៨៨,១៣៥,៤៧៧ រៀល។ ២.ក្រុមហ៊ុន សំណង់ទូទៅ ខែម ចន្នី ដេញថ្លៃគម្រោងសាងសង់ផ្លូវប៉េតុងអាម៉េប្រវែង០,៣២០គីឡូម៉ែត្រ ក្នុងឃុំលំចង់ ដេញបានក្នុងតម្លៃ១៦៥,០០០,០០០ រៀល ដែលតម្លៃប៉ាន់ស្មានគឺ ១៧២,៦៧៩,២៩៦ រៀល។ ៣.ក្រុមហ៊ុន គ្រិះស្នាសំណង់ ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុអាមេប្រវែង ០,៣៩០គីឡូម៉ែត្រ ក្នុងឃុំទ្រា ដេញបានក្នុងតម្លៃ២៣៣,៥២០,០០០ រៀល ដែលតម្លៃប៉ាន់ស្មានគឺ២៤៧,១១១,២៥២ រៀល ។

ទោះការដេញថ្លៃគម្រោងនេះ មានតម្លៃប្រហាក់ប្រហែលនិងតម្លៃប៉ាន់ស្មានយ៉ាងណាក៏ដោយ គណ:កម្មការលទ្ធកម្មឃុំនីមួយៗ សម្រេចយកក្រុមហ៊ុនទាំង៣ខាងលើនេះ ដដែល។ មហាជនសុំធ្វើការសំណូមពរទៅលោក អ៊ួច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ មេត្តាពិនិត្យមើលផង ពិសេសលោក ហេង វុទ្ធី ប្រធានផែនចាត់ការនិងវិនិយោគខេត្តសុំពិនិត្យមើលកូនចៅដែលជាក្រុមការងារលទ្ធកម្មចុះអនុវត្តិគម្រោងតាមឃុំនានាផង៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299