កណ្តាល ៖ ពលរដ្ឋលើឡើងថាទីតាំងល្បែងសុីសងជល់មាន់ ០៣កន្លែង នៅក្នុងមូលដ្ឋានស្រុកពញាឮ កំពុងដំណើរការយ៉ាងរលូន។ នេះបើយោងតាមប្រភពដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌា ទើបទទួលបាន។
ទីតាំង១ ៖នៅក្នុងភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល និងទីតាំង០២កន្លែងទៀត ស្ថិតនៅក្នុងភូមិតែមួយគឺភូមិសសី ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល កំពុងតែបើកដំណើរការដោយសេរី មិនទាន់មានមន្ត្រីពាក់ព័ន្ធនៅក្នុងមូលដ្ឋានស្រុកពញាឮណាម្នាក់ដឹកនាំកម្លាំងចុះពិនិត្យនិងធ្វើការបង្កា្របនោះទេ។
ប្រភពបញ្ជាក់ថា៖កាលពីថ្ងៃទី០៥ ឧសភាឆ្នាំ ២០២៣ កន្លងទៅមានទីតាំង០១កន្លែងដែរស្ថិតក្នុងភូមិកំពុងអុស ឃុំកំពង់អុស លោក ដួង តេង អធិការស្រុកពញាឮ ធ្លាប់បានបញ្ជាកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់អុស ចុះធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងខាងលើ មិនអោយមានបើកលេងល្បែងសុីសង។តែកិច្ចសន្យានោះ បានមួយដង្ហើមចង្រិត ខណៈពេល នេះទីតាំងមួយកន្លែងនេះបានបើកដំណើរការលេងល្បែងជាថ្មីទៀតហើយ រួមទាំងទីតាំងដទៃទៀតកំពុងតែពង្រីកទីតាំងរបស់ខ្លួនយ៉ាងសកម្មនៅក្នុងមូលដ្ឋានស្រុកពញ្ញាឮ។
សូមរំលឹកថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ អភិបាលខេត្តកណ្ដាល បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរស្រុកពញាឮ មិនអោយមានដាច់ខាតគ្រប់ល្បែងស៊ីសងទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសកងកម្លាំងមានសមត្ថកិច្ចមិនត្រូវពាក់ព័ន្ធជាមួយបទល្មើសឡើយ។
ការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដាច់ខាតរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេប្រវែង១០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ និងបើកការដា្ឋនជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង ១ ០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត នៅភូមិដំបូកមានល័ក្ខ និងភូមិត្រពាំងអណ្តូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល។
នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្តថា អាជ្ញាធរស្រុកពញាឮ ត្រូវខិតខំយកចិត្តទុកដាក់បង្ក្រាបឲ្យបានគ្រប់បទល្មើសនានា និងរាល់ល្បែងស៊ីសងទាំងអស់ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសត្រូវជៀសឱ្យបានកុំពាក់ព័ន្ធនឹងបទល្មើសគ្រប់ប្រភេទ។
ទោះយ៉ាងណាក៏ដោយ ពលរដ្ឋក្នុងស្រុកពញាឮ នៅតែអំពាវនាវ ស្នើ អាជ្ញាធរស្រុកពញាឮ ជួយទប់ស្កាត់ និងបង្ក្រាបមាន់ល្បែងស៊ីសង ខាងលើនេះផង៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299