សង្គម

សម្តេចតេជោជួបប្រធានាធិបតីអ៊ុយក្រែនជាលើកទី២

តប​តាម​សំណើ​របស់ ឯកឧត្តម វ៉ូ​ឡូ​ឌី​មៀ ហ្ស៊ែ​ល​លិ​ន​ស្គី (VOLODYMYR ZELENSKYY) ប្រធានាធិបតី នៃ​ប្រទេស​អ៊ុយ​ក្រែ​ន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​សន្ទនា តាម​ប្រព័ន្ធ​ទូរ​សព្ទ​។

​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​ប្រធានាធិបតី បាន​រំលឹក​សារ​ជា​ថ្មី និង​ថ្លែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​កម្ពុជា ដែល​បាន​គាំទ្រ និង​បាន​ចូល​ជា​សហ​ស្ថាបនិក សេចក្តីសម្រេច​ចិត្ត​របស់​មហាសន្និបាត​អង្គការ​សហ​ប្រជា​តិ និង​ជំហរ​របស់​កម្ពុជា ពាក់ព័ន្ធ​នឹង​សង្គ្រាម​អ៊ុយ​ក្រែ​ន ។

ឯកឧត្តម​ប្រធានាធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ​ជំនួយ​មនុស្សធម៌​របស់​កម្ពុជា​ក្នុង​ការ បណ្តុះបណ្តាល អ្នក​ដោះ​មីន​របស់​អ៊ុយ​ក្រែ​ន កាលពី​ខែមករា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ ។ ឯកឧត្តម បាន​ធ្វើការ​កោតសរសើរ ចំពោះ​ជោគជ័យ​របស់​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ ដែល​បាន​អនុញ្ញាត​ឲ្យ​មានការ​ចុះហត្ថលេខា​របស់​អ៊ុយ​ក្រែ​ន​លើ​លិ​ខិ​តូប​ករ​ណ៍ ចូល​ជា​ភាគី នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍ (TAC) នៅ​រាជធានី​ភ្នំពេញ និង​ការ​គាំទ្រ​របស់​កម្ពុជា ចំពោះ​សំណើ​របស់​អ៊ុយ​ក្រែ​ន​សុំ​ចូល​ជា​ដៃគូ​សន្ទនា តាម​វិស័យ​របស់​អាស៊ាន ។

សម្តេច​តេ​ជោ​នាយក​ដ្ឋ​មន្ត្រី ហ៊ុន សែន មាន​សេចក្តី​សោមនស្ស​រីករាយ ដែល​បាន​ជួប​សន្ទនា​តាម​ប្រព័ន្ធ​ទូរ​សព្ទ​ជា​លើក​ទី​២ ជាមួយ ឯកឧត្តម វ៉ូ​ឡូ​ឌី​មៀ ហ្ស៊ែ​ល​លិ​ន​ស្គី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន និង​បាន​ស​ង្ត​ត់​ធ្ងន់ អំពី​សារសំខាន់ នៃ​ការ​ស្វែងរក​កិច្ច​សន្ទនា​តាម​មធ្យោបាយ​ជាក់ស្តែង ដើម្បី​បញ្ចប់សង្គ្រាម និង​ទុក្ខវេទនា​របស់​ប្រជាជន​អ៊ុយ​ក្រែ​ន ។

ជាមួយ​គ្នា​នេះ​ផង​ដែរ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ពី​គោល​ជំហរ​ជា​គោលការណ៍​របស់​កម្ពុជា ចំពោះ​មុខ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ កម្ពុជា​គោរព និង​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ ។

ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​-​អ៊ុយ​ក្រែ​ន សម្តេច​តេ​ជោ បាន​ស្វាគមន៍ និង​អបអរសាទរ​ការ​ចូល​ជា​ភាគី នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍ (TAC) របស់​អ៊ុយ​ក្រែ​ន​។ សម្តេច​តេ​ជោ បាន​បញ្ជាក់​សារ​ជា​ថ្មី ពី​ការ​បន្ត​គាំទ្រ​សំណើ​របស់​អ៊ុយ​ក្រែ​ន ចូល​ជា​ដៃគូ​សន្ទនា តាម​វិស័យ​របស់​អាស៊ាន ផង​ដែរ ហើយ​បាន​ជូនពរ​បវរ​ជូន​ប្រជាជន​អ៊ុយ​ក្រែ​ន ។

ឯកឧត្តម​ប្រធានាធិបតី បាន​ថ្លែងអំណរគុណ​ជូន​សម្តេច​តេ​ជោ ចំពោះ​ជំនួប​តាម​ទូរ​សព្ទ​ដ៏​រាក់ទាក់​នេះ ហើយ​បាន​សម្តែង​នូវ​អំណរ​សាទរ​យ៉ាង​កក់ក្តៅ ជូន​ចំពោះ រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ហើយ​ឯកឧត្តម បាន​ជូនពរ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ទទួល​បាន​សន្តិភាព និង​វិបុលភាព​ជា​និរន្តរ៍ ៕