ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២៧ និងថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដោយមានការឯកភាពពីលោក តារា វិទូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឫស្សីកែវ ខេត្តក្រចេះ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន: ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០២ករណី (ដោយប្រើវិធានរដ្ឋបាលចំហ និងអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន) ក្នុងសមត្ថកិច្ចប្រឹងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៧នាក់ មាន
១.ឈ្មោះ កៅ ខាន់ ភេទប្រុស អាយុ ៥៧ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិថ្មី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន ១០០កញ្ចប់ មានទម្ងន់សរុប ២០០ក្រាមទាំងសំបក។
២.ឈ្មោះ សម្បត្តិ ធន់ ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិបន្ទាយថ្ម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
៣.ឈ្មោះ ស៊ុន សុភ័ណ្ឌ ភេទប្រុស អាយុ ៣០ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងឈើ មានទីលំនៅភូមិអូរឬស្សីទី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់មានទម្ងន់សរុប ១០០ក្រាមទាំងសំបក។
៤.ឈ្មោះ ម៉ាន ម៉ាអែល ភេទប្រុស អាយុ ៣៧ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរ កម្មករ មានទីលំនៅភូមិគីឡូ៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់។
៥.ឈ្មោះ ហុក ឡៅសិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិបឹងរ៉ៃ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០២កញ្ចប់ មានទម្ងន់សរុប ១០០ក្រាមទាំងសំបក ។
៦.ឈ្មោះ លន ម៉េងហុយ ភេទប្រុស អាយុ ១៩ឆ្នាំ ជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិបឹងរ៉ៃ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
៧.ឈ្មោះ អាត គឹមសួ ភេទប្រុស អាយុ ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៦៩៣ “ច” ព្រ.ទ /២២ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ហត្ថលេខាដោយលោក អាំង ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ពីបទ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ។
វត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១០៥កញ្ចប់មានទម្ងន់សរុប ៤០០ក្រាមទាំងសំបក, ទូរស័ព្ទដៃចំនួន ០៧គ្រឿង និងសម្ភារ:វេចខ្ចប់ថ្នាំញៀនមួយចំនួន។
ករណីនេះបច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបាននគរបាលប្រឆាំងគ្រឿងញៀនខេត្តកសាងសំណុំរឿងត្រៀមបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់ ៕