ខេត្តតាកែវ៖ ពលរដ្ឋនៅភូមិដូងខ្ពស់ ឃុំបានកាម ស្រុកព្រៃកប្បាស បានលើកឡើងថា ក្រោយភ្លៀងមួយមេធំ ប្រឡាយក៍បាក់ ផ្លូវក៍ស្រុត និងរអិលដួលម៉ូតូជាបន្តបន្ទាប់។ ធ្វើអោយពួកគាត់ព្រួយបារម្មណ៍ ពីសុវត្ថិភាពកូនៗ និងចាស់ៗជរា។
ពលរដ្ឋលើកឡើងទៀតថា មូលហេតុដែលបង្កើតអោយបាក់ប្រឡាយ ស្រុតផ្លូវ ហើយរអិល គឺបណ្តាលមកពីកូនលោកឃុំប្រឹងកាយប្រឡាយអោយជ្រៅ ដើម្បីបានអាចម៍ដី យកទៅលក់ខុសស្ដង់ដា។
ពលរដ្ឋបានបញ្ចាក់ទៀតថា ពួកគាត់បានផ្ដិតមេដៃ ស្នើសុំអោយអាជ្ញាធរពាក់ពន្ធ័ ជួយស្ដារប្រឡាយនៅក្នុងភូមិរបស់ពួកគាត់ ក្នុងជម្រៅតែ១ម៉ែត្រកន្លះទេ តែបែជាកូនលោកមេឃុំ កាយជម្រៅដល់ទៅ៣ម៉ែត្រ ទើបបណ្តាលអោយដីបាក់ នៅពេលភ្លៀងធ្លាក់។
ពលរដ្ឋបានបន្ថែមទៀតថា ក្រោយពួកគាត់ខ្វាយខ្វាល់ ចំពោះរឿងប្រឡាយនិងផ្លូវ លោកឃន សុខេងមេឃុំបានកាម មិនបានចុះមកអើតមើលទេ បែរជាលោកសម្ងំដេកក្នុងម៉ាសុីនម៉ាស្សាយ៉ាងរំភើយ ហើយថតរូបបង្ហោះឌឺពួកគាត់ថែមទៀត។
ពាក់ពន្ធ័ករណីខាងលើ លោកឃន សុខេង ធ្លាប់ប្រាប់អ្នកកាសែតថា រឿងកាយប្រឡាយលោក មិនអោយកាយលើសពីពលរដ្ឋស្នើសុំទេ តែលោក នៅ. រ៉នប្រធានការីយាល័យធនធានទឹកស្រុកព្រៃកប្បាស ជាអ្នកអនុញ្ញាតិអោយកាយលើសការកំណត់។
ករណីនេះដែរលោកឌឹម គឹមសាន្ត ចៅហ្វាយស្រុកព្រៃកប្បាសធ្លាប់ទទួលស្គាល់ថា លោកអោយកាយ ត្រឹមតែពលរដ្ឋស្នើរសុំនោះទេ លើសពីនឹងលោកនិងអោយ គ្រឿងចក្រផ្អាកជាបន្ទាន់៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299