សង្គម

ដំណាំកញ្ឆាជិត២ហិកតានៅស្រុកគិរីវង់ ត្រូវ​សមត្ថកិច្ច​ចុះបង្រ្កាប

កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ​២០២០ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់-ប៉ុស្តិ៍ព្រៃអំពក-ប៉ុស្តិ៍គិរីចុងកោះ-ប៉ុស្តិ៍កំណប់ -ប៉ុស្តិ៍ព្រៃរំដេង និងប៉ុស្តិ៍ភ្នំដិន បានចុះស្រាវជ្រាវរុករកឃើញ​ទីតាំងដាំកញ្ឆា​ខុស​ច្បាប់​ចំនួន១៣ទីតាំង ដែល​បាន​លួច​លាក់ដាំ​នៅចំណុច ដុបទឹកត្របែក និង​ដុប​ដាដំរី ស្ថិត​ក្នុង​ភូមិ​សាស្រ្តឃុំ​ព្រះបាទជាន់ជុំ ស្រុក​គិរីវង់ ខេត្ត​តាកែវ។

ក្រោយ​ពី​រកឃើញ​ដំណាំ​កញ្ឆា​នៅ​លើផ្ទៃ​ដី ជិត​២ហិកតានោះ កម្លាំងចម្រុះ​ក៏​បានធ្វើ​ការ​ដុត​បំផ្លាញ​ចោល ហើយ​បច្ចុប្បន្ន​កំពុង​តែ​ស្រាវជ្រាវស្វែងរកអ្នកដាំមកផ្តន្ទាទោសតាមច្បាប់។

សូម​បញ្ជាក់ថា កញ្ឆាត្រូវ​បានគេរកឃើញថា​មាន​ផ្ទុក​សារធាតុ​ពុល ឬ ម៉ូលេគុល សំខាន់​មួយ ដែល​ជា​ភ្នាក់ងារ​ទទួល​ខុស​ត្រូវ​បង្ក​ឥទ្ធិពល​លើ​ប្រព័ន្ធ​សសៃ​រប្រសាទ ហើយ​ត្រូវ​បាន​គេ​ចាត់​បញ្ចូល ទៅ​ក្នុង​បញ្ជី​គ្រឿង​ញៀន។

យ៉ាងណាក៏ដោយដំណាំនេះ ត្រូវ​បាន​គេ​លួចលាក់ដាំ ហើយ​សម្រាប់​នៅ​ស្រុក​គិរីវង់នេះ សមត្ថកិច្ច​តែង​តែចុះ​ធ្វើ​ការ​បង្រ្កាប​ជាញឹកញាប់ ប៉ុន្តែ​នៅ​តែមាន​អ្នក​លួច​លាក់ដាំបន្ត​ទៀត៕