ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន <<លុយអាចចាយអស់ តែកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ជាតិ គឺចាយមិនអស់ឡើយ>>។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតពេទ្យបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាលចំនួន ១,៣៩៦នាក់ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដែលបានបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកសុខាភិបាលទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ ដែលជាធនធានមនុស្សដ៏សំខាន់ក្នុងវិស័យសុខាភិបាលរបស់កម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលក៏បាន វិនិយោគអស់ថវិកាជាច្រើនផងដែរ លើហេដ្ឋារចនាពាក់ព័ន្ធនានាបន្ថែមទៀតលើវិស័យនេះ ដើម្បីផ្ដល់សេវាសុខាភិបាលគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់និស្សិតពេទ្យ ដែលបានស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្ត សម្តេចតេជោ នាអំឡុងពេលកម្ពុជាកំពុងប្រឈមនឹងជំងឺរាតត្បាតនេះ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាក្លាយជាកន្លែង សម្រាប់ប្រទេសធំៗ មួយចំនួននៅលើពិភពលោក ចុះមកធ្វើការសិក្សាស្រាវជ្រាវ លើការអនុវត្តយន្តការ សុខាភិបាលដើម្បីលុបបំបាត់ ជំងឺមួយចំនួនដោយជោគជ័យ ក្នុងនោះមានដូចជាជំងឺ គ្រុនស្វិតដៃជើងជាដើម។ សម្ដេចបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាក៏កំពុងអនុវត្តយន្តការដើម្បីលុបបំបាត់ ជំងឺគ្រុនចាញ់ពីប្រទេសកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងពីការខិតខំរបស់ប្រទេសកម្ពុជា ដែលដឹកនាំដោយសម្ដេចផ្ទាល់ ក្នុងការគ្រប់គ្រងស្ថានការជំងឺកូវីដ-១៩ នារយៈពេលកន្លងទៅ តាមរយៈ ការដាក់ចេញនៅយុទ្ធសាស្ត្រ ផ្ការីកក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ ទាន់ពេលវេលា។
សម្តេចតេជោ បានអបអរសាទរដល់និស្សិតពេទ្យ ទទួលបានជ័យលាភីនាថ្ងៃនេះ។ ប៉ុន្ដែទោះបីជាទទួលបានលទ្ធផល លើការសិក្សាលើជំនាញ សម្ដេចតេជោ ជំរុញដល់និស្សិតទាំងអស់បន្តខិតខំពង្រឹងសមត្ថភាព លើផ្នែកឌីជីថល លើវិស័យរបស់ខ្លួន រួមជាមួយ នឹងការអនុវត្តការងារ ប្រកបដោយក្រមសីលធម៌ខ្ពស់ ដើម្បីពង្រឹងប្រសិទ្ធភាព លើវិស័យសុខាភិបាលរបស់កម្ពុជាបន្ថែមទៀត។
ទាក់ទងទៅនឹងព្រឹត្តិការណ៍ អាស៊ីហ្គេមនៅកម្ពុជា សម្តេចតេជោបានអបអរសាទរ ដែលកម្ពុជាបានរៀបចំ តាំងពីចាប់ផ្ដើម រហូត ដល់បិទបញ្ចប់ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ប្របកបដោយជោគជ័យ។ ជាមួយគ្នានេះ ការសម្រេចចិត្តរបស់សម្ដេចលើការគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍នេះ ជាពិសេសការចំណាយចំពោះប្រតិភូកីឡា និងអត្តពលិកដោយមិនគិតថ្លៃ រួមនឹងការអនុញ្ញាត ឱ្យការផ្សព្វផ្សាយដោយមិនគិតថ្លៃ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងបន្សល់ទុកនូវកេរ្តិ៍ឈ្មោះ ដ៏យូរអង្វែងជាប្រវត្តិសាស្រ្ដ សម្រាប់កម្ពុជាទៅថ្ងៃខាងមុខ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុនសែន បានថ្លែងនូវការអបអរសាទរ ចំពោះជ័យលាភីនិស្សិតសុខាភិបាល នៅថ្ងៃនេះ និងបានជូនពរ ឲ្យទទួលបាននូវភាពជោគជ័យ ជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299