កីឡា

MESSI និង RONALDO ត្រូវបានកាត់ប្រាក់ឈ្នួលអស់ជាង ៨៣លាន$ ដោយសារ COVID-19

បើគិតមកទល់នឹងពេលនេះ វីរុសឆ្លង Covid-19 កំពុងបន្ដរីករាលដាលយ៉ាងខ្លាំងពាសពេញពិភពលោក។ ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចមានការធ្លាក់ចុះយ៉ាងគំហុក និងមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់វិស័យផ្សេងៗជាច្រើន។ ក្នុងនោះដែរ វិស័យកីឡាបាល់ទាត់ក៏ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។ ដែលជាហេតុធ្វើឱ្យក្លឹបបាល់ទាត់ជាច្រើន បាននឹងកំពុងតែមានវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ​ ហើយក៏មានក្លឹបបាល់ទាត់ខ្លះបាត្រូវបង្ខំចិត្តសុំកាត់បន្ថយប្រាក់ឈ្លួលកីឡាកររបស់ខ្លួន​ ដើម្បីអាចទប់ទល់ជាមួយនឹងស្ថានការណ៍ដ៏លំបាកមួយនេះ។

ជាក់ស្ដែងកាលពីពេលថ្មីនេះ កំពូលកីឡាករបាត់ទាត់លំដាប់ថ្នាក់ពិភពលោកពីររូប Lionel Messi និង Cristiano Ronaldo ត្រូវក្លឹបរបស់ខ្លួនស្នើសុំកាត់ប្រាក់ឈ្នួលអស់ជាង ៨៣លានដុល្លារ ដោយសារតែការរីករាលដាលនៃជំងឺ COVID-19។ នេះបើយោងទៅតាមសារព័ត៌មាន insider បានចុះផ្សាយកាលពីថ្ងៃសុក្រម្សិលមិញនេះ។

ប្រភពដដែលបានឱ្យដឹងទៀតថា កីឡាករបាល់ទាត់ជើងខ្លាំងជួរមុខលោក Lionel Messi កាលពីពេលថ្មីៗនេះត្រូវបានក្លឹប FC Barcelona បាននឹងកំពុងតែធ្វើការពិចារណា ក្នុងការកាត់ប្រាក់ឈ្នួលរបស់លោក ប្រមាណជា៧០%ដើម្បីឱ្យក្លឹបអាចមានលទ្ធភាពទប់ទល់ចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ នៅក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺឆ្លង COVID-19 នេះ។ ​ដែលជាធម្មតាក្នុងមួយឆ្នាំ Messi អាចរកចំណូលបានប្រមាណជា ៩០លានដុល្លារ ប៉ុន្ដែប្រសិនបើក្លឹបកាត់៧០% នោះ Messi អាចរកចំណូលបានត្រឹមតែ ២៧លានដុល្លារប៉ុណ្ណោះ។

ជុំវិញបញ្ហានេះ គេមិនទាន់ច្បាស់នៅឡើយទេថាតើ Messi នឹងត្រូវកាត់ប្រាក់ឈ្នួល ៧០% ពេញ។ ប៉ុន្ដែបើយោង របាយការណ៍របស់ Forbes បានរាយការណ៍ថា បច្ចុប្បន្នប្រាក់ឈ្នួលរបស់ Messi អាចនឹងត្រូវកាត់បន្ថយប្រហែល ៥០លានដុល្លារ ដែលស្មើនឹង ៥៥% ពីកញ្ចប់ប្រាក់ចំណូលប្រចាំឆ្នាំបច្ចុប្បន្នរបស់គាត់។

ចំណែកឯកំពូលកីឡាករបាល់ទាត់សញ្ជាតិព័រទុយហ្កាល់លោក Cristiano Ronaldo វិញ ក៏ត្រូវបានក្លឹបបាល់ទាត់ Juventus ត្រៀមនឹងកាត់ប្រាក់ឈ្នួលរបស់លោកចំនួន ​៣០% ដែលស្មើនឹង ២០លានដុល្លារផងដែរ។ ហេតុនេះហើយ ក្នុងមួយឆ្នាំ Ronaldo អាចនឹងរកចំណូលបានប្រមានជា ៦០លានដុល្លារតែប៉ុណ្ណោះ។

បើទោះបីជាកំពូលកីឡាករទាំងពីររូបនេះ ត្រូវបានកាត់ប្រាក់ឈ្នួលអស់ជាច្រើនលានដុល្លារក៏ដោយ ក៏ពួកគេនៅតែជាកីឡាករបាល់ទាត់ពីររូប ក្នុងចំណោមកីឡាករដែលមានប្រាក់ចំណូលខ្ពស់ជាងគេបំផុតនៅលើពិភពលោកដដែល។​ ដោយសារតែពួកគេទាំងពីរ អាចរកចំណូលតាមរយៈការផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនល្បីៗជាច្រើន។

បច្ចុប្បន្ននេះ Messi មានកិច្ចព្រមព្រៀងផ្សាយពាណិជ្ជកិម្មច្រើនជាមួយទាំង Adidas និង Pepsi ដែលអាចជួយរក្សាប្រាក់ចំណូលប្រចាំឆ្នាំរបស់គាត់ប្រហែលជា ៧៨លានដុល្លារ ខណៈដែលកិច្ចសន្យារបស់ Ronaldo ជាមួយ Nike និង EA នឹងជួយរក្សាប្រាក់ចំណូលរបស់គាត់បានប្រមាណជា ៩១ លានដុល្លារឯណ្ណោះ។

គួរបញ្ជាក់ផងដែរថា នៅក្នុងសប្ដាហ៍នេះMessi បានបរិច្ចាគទឹកប្រាក់ចំនួន ១,១លានដុល្លារ ដល់មន្ទីរពេទ្យចំនួនពីរដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។ ដោយប្រាក់មួយចំណែកបានជួយទៅមន្ទីពេទ្យនៅឯស្រុកកំណើតរបស់គាត់ Rosario ប្រទេសអាហ្សង់ទីន និងមួយចំណែកទៀតនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញដែលជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេទី ២ នៅលើពិភពលោក។ ចំណែកឯ Ronaldo និងភ្នាក់ងាររបស់គាត់លោក Jorge Mendes ក៏បានបរិច្ចាគថវិកាចំនួន ១,៨លានដុល្លារផងដែរ សម្រាប់ជួយដល់មន្ទីរពេទ្យក្នុងប្រទេសព័រទុយហ្កាល់របស់គាត់ ដើម្បីឆ្លើយតបទៅនឹងការចំណាយដែលកើនឡើងដោយវីរុស COVID-19នេះ។