ក្នុងពាក្យបណ្តឹងមួយច្បាប់ ដាក់ជូនទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោក ទ្រី វណ្ណៈ ដែលជាកសិកររស់នៅភូមិអង្គសង្កែរ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស បានធ្វើការទាមទារឲ្យមានការជួយរកយុត្តិធម៌ដល់រូបលោក ដោយថា ករណីស្លាប់របស់ប្រពន្ធគាត់កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃតាពង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ គឺជាករណីឃាតកម្ម ខណៈដែលរបាយការណ៍សមត្ថកិច្ចថា វាជាករណីគ្រោះថ្នាក់ចរាចរណ៍។
លោក វណ្ណៈ បានរៀបរាប់នៅក្នុងពាក្យបណ្តឹងនោះថា នៅថ្ងៃកើតហេតុនោះ វេលាម៉ោង១១ជិតថ្ងៃត្រង់ ប្រពន្ធរបស់គាត់បានចេញពីផ្ទះ ដោយយកលុយថ្លៃស្រូវទៅឲ្យអ្នកលក់ស្រូវនៅភូមិព្រៃល្វា ហើយរហូតដល់ម៉ោងជិត៧យប់ លោកបានទូរស័ព្ទសួរនាំប្រពន្ធរបស់លោក ហើយពេលនោះប្រពន្ធរបស់លោកបាននិយាយថា គាត់បានជិះមកដល់ភូមិព្រៃតាពងហើយ ដោយបន្តិចទៀតគាត់នឹងទៅដល់ផ្ទះ។ ក្រោយមកបានប្រហែល ២០នាទី គាត់មិនឃើញប្រពន្ធមកដល់ផ្ទះ ក៏បានទូរស័ព្ទទៅទៀត តែទូរស័ព្ទមិនចូល ហើយក្រោយមកស្រាប់តែមាននគរបាលបានទូរស័ព្ទប្រាប់មិត្តភ័ក្រ្តប្រពន្ធរបស់គាត់ថា ប្រពន្ធរបស់គាត់បានបាត់ខ្លួន ឃើញតែម៉ូតូ នៅចំណុចភូមិព្រៃតាពង ឃុំពោធិ៍រំចាក រួចនៅពេលទៅដល់ចំណុចកើតហេតុ បងប្អូនរបស់លោកបានឃើញម៉ូតូប្រពន្ធរបស់គាត់ដួលមកខាងស្តាំដៃ ចំណែកប្រពន្ធរបស់គាត់បានធ្លាក់ទៅក្នុងទឹកដែលនៅខាងឆ្វេងដៃ, តែក្រោយមក ស្រាប់តែមានមនុស្សលួចដូរដាក់ម៉ូតូនោះ មកខាងឆ្វេងដៃវិញ រីឯនគរបាលដែលស៊ើបអង្កេតបានសន្និដ្ឋានថា ប្រពន្ធរបស់លោកបានដួលម៉ូតូស្លាប់ដោយខ្លួនឯង។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសបានបញ្ជាក់ថា ករណីនេះ គឺដោយសារតែជនរងគ្រោះឈ្មោះ ឡូ សុខលី អាយុ៣៨ឆ្នាំ បានបើកម៉ូតូក្នុងស្ថានភាពស្រវឹង រួចក៏បានដួលនៅលើខ្នងព្រែក ហើយអ្នកបើកបរបានខ្ទាតចូលក្នុងប្រឡាយទឹកជំរៅប្រហែល ២ម៉ែត្រ បណ្តាលឲ្យរងគ្រោះស្លាប់នៅកន្លែងកើតហេតុតែម្តង។
តែបើតាមការបញ្ជាក់របស់មន្រ្តីពេទ្យស្នើក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដែលបានមកពិនិត្យសាកសពនោះបានអះអាងថា សពនោះ មិនបានស្លាប់ដោយសារលង់ទឹកទេ ព្រោះសាកសពមិនមានទឹកនៅក្នុងពោះ នៅក្នុងក្រពះ បំពង់ក ច្រមុះ ឬមាត់ឡើយ ពោលគឺសាកសពបានស្លាប់នៅមុនពេលធ្លាក់ចូលទឹក។
លោក ទ្រី វណ្ណៈ ដែលជាស្វាមីជនរងគ្រោះបានអះអាងថា រូបគាត់ក៏មានការមន្ទិលផងដែរ ព្រោះតែសាកសពរបស់ប្រពន្ធគាត់មានស្នាមជាំនៅនឹងកស្មា ចេញឈាមតាមត្រចៀក ក៏ដូចជាម៉ូតូដែលដួលមកខាងស្តាំ បែរជាត្រូវគេប្តូរមកខាងឆ្វេងវិញ, ហេតុនេះហើយទើបលោកមិនអស់ចិត្ត ក៏ដាក់ពាក្យបណ្តឹងឲ្យមានការស៊ើបអង្កេតករណីនេះឡើងវិញ។
យ៉ាងណាក៏ដោយ ចំពោះករណីនេះ លោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានថ្លែងថា រឿងនេះសមត្ថកិច្ចនៅតែបើកការស៊ើបអង្កេតបន្តបន្ថែមទៀត៕