សង្គម

ប្រធានរដ្ឋឡាវនឹងអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ចុងសប្តាហ៍នេះ

ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី០៤ ដល់ទី០៦ ខែឧសភា ឆ្នាំ២០២៣ ហើយឯកឧត្តម ក៏នឹងចូលរួមក្នុងពិធីបើកនៃកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាជនពិការអាស៊ានលើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជាជាម្ចាស់ផ្ទះ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនេះ តបតាមការយាងរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្ដមបណ្ឌិត ថងលូន ស៊ីសុលីត នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង។ ស្របជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។ បន្ថែមពីនេះ ឯកឧត្តម និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងមានកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សាអំពីការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាក្ដីបារម្ភរួម។ បន្ទាប់មក ប្រធានរដ្ឋឡាវរូបនេះ ក៏នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃកម្ពុជា។

គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត មកកាន់កម្ពុជា នឹងពង្រឹង បន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រពៃដែលមានស្រាប់ ភាពជាអ្នកជិតខាងល្អ ចំណងភាតរភាព និង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ៕