ក្នុងសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា មានជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី មានឥទ្ធិពលខ្សោយមកលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ ចាប់ពីថ្ងៃទី២៦-២៧ ខែសីហា អាចមានភ្លៀងធ្លាក់តិច ហើយបន្ទាប់ពីនោះ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ។ សម្រាប់បណ្តាខេត្តដទៃទៀតនៅតំបន់វាលទំនាបកណ្តាល អាចមានភ្លៀងធ្លាក់តិច។
សម្រាប់តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីខ្សោយ ទៅមធ្យម ហើយសម្រាប់បណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់តិច។
យ៉ាងណាក៏ដោយ ក្រសួងបានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចកើតមាននៅផ្នែកមួយចំនួន នៃបណ្តាខេត្តស្ថិតនៅតំបន់វាលទំនាប ភាគកណ្តាល និងភាគពាយ័ព្យ៕