សង្គម

សាខាម៉ូតូហុងដាផ្សារត្រាំខ្នារ ត្រូវចោទប្រកាន់ថា បាន​លួច​ប្តូរ​អាគុយម៉ូតូរបស់អតិថិជន

យោង​តាម​គណនីហ្វេសប៊ុក​មួយឈ្មោះ នុត ស៊ីណាត ដែល​គេដឹងថា គឺជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​តាកែវ បាន​ឲ្យដឹងថា គាត់​បានទិញម៉ូតូស្កូបពី ស៊េរី​ឆ្នាំ​២០២១​ ចំនួន១គ្រឿង នៅ​សាខា​ហុងដា​ត្រាំខ្នារ ប៉ុន្តែ​យក​មក​ប្រើបាន​តែ​៣អាទិត្យ​ប៉ុណ្ណោះ ម៉ូតូនោះ​ក៏​ខូច​អាគុយ ដោយ​គេ​បន្លំ​ដាក់អាគុយចាស់ ហើយ​ពេល​ដែល​គាត់​សួរ​នាំ សាខានោះប្រាប់ថា ខ្លួន​មិន​ធានា​ចំពោះ​ករណីនេះទេ។

លោក នុត ស៊ីណាត បាន​ថ្លែង​នៅព្រឹកមិញ​ថា លោក​បាន​ជួប​នូវ​ករណីនេះ​មែន តែ​នៅពេល​លោក​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​នោះ ក៏​មាន​ខាង​សាខា​ម៉ូតូហុងដា​ខេត្ត​តាកែវ​បានទាក់ទង​មក​រូបលោក ហើយ​ក៏​ឲ្យ​លោក​ទៅប្តូរ​យក​អាគុយថ្មី ដោយថា នេះ​គឺជា​កំហុស​បុគ្គលិកដែល​ទើប​តែចូលថ្មី។

នៅព្រឹកមិញនេះ​ដែរ យើងបានព្យាយាម​សុំ​ការ​បញ្ជាក់​ពី​សាខា​លក់ម៉ូតូហុងដាត្រាំខ្នា តែពុំ​មាន​ការ​ឆ្លើយតប។

យ៉ាងណាក៏ដោយ ចំពោះ​ករណីនេះ សាធារណៈមតិបាន​លើក​ឡើងថា តើ​មាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​នាក់ទៅ​ដែល​ត្រូវ​រងគ្រោះ​ដោយ​សារតែ​ការ​គៃបន្លំនេះ ហើយ​លើក​នេះ​ប៉ះចំប្រធាន​មន្ទីរ​សុខាភិបាល ទើប​គេ​ប្តូរឲ្យ ចុះពលរដ្ឋតូចតាចវិញ គឺមានតែអំបិលហើយ, ទោះយ៉ាងម៉េចក៏ដោយ បងប្អូនប្រជាពលរដ្ឋ​ដែលទៅទិញ​ម៉ូតូ សូម​ពិនិត្យ​មើលផង កុំអាងតែគិតថាថ្មីបកពីកេសហើយមិនអីនោះ ព្រោះអាចមានជនឆ្លៀតឱកាសលួចដូរដូចករណីនេះដែរ៕