ខេត្តកណ្តាល ៖ ពលរដ្ឋជាស្រ្តីមេផ្ទះសំណូមពរទៅ អាជ្ញាធរនិងសមត្ថកិច្ចជំនាញ ជួយមានវិធានការបង្រ្កាបទីតាំងលេងល្បែងបញ្ជល់មាន់តាមអនឡាញ អត់ច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិសែនឧត្តម២ ឃុំសំរោងធំ ខេត្តកណ្តាលផង ព្រោះក្នុងមួយថ្ងៃៗ មានបុរសដែលជាមេគ្រួសារមួយចំនួន ក្នុងភូមិឃុំខាងលើ បានបោះបង់កិច្ចការងារ ប្រកបរបរចិញ្ចឹមជីវិតក្នុងគ្រួសារ។
ដោយងាកទៅចូលរួមលេងល្បែងស៊ីសងមាន់ជល់អនឡាញតាមទូរទស្សន៍នៅទីតាំងខាងលើ ដោយក្នុងមួយថ្ងៃៗត្រូវចាញ់ប្រាក់អស់ជាច្រើន និងមានអ្នកខ្លះត្រូវជំពាក់បំណុលធនាគារទៀត ដោយសារតែយករបស់ទ្រព្យទៅបញ្ចាំ ដើម្បីយកប្រាក់មកលេងល្បែងស៊ីសងនៅទីតាំងខាងលើ។
យោងតាមប្រភពច្បាស់ការណ៍ បានអោយបណ្ដាញសារព័ត៌មានពេញចិត្តមេឌា ដឹងថាកន្លែងនោះ មានសំឡេងអ្នកលេង ហ៊ោរកញ្ជ្រៀវអឺងកង ប៉ុន្តែសំឡេងទាំងនោះ មិនបានលឺប៉ះដល់ត្រចៀកមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុមូលដ្ឋាននោះឡើយ។
យោងតាមសម្ដីពលរដ្ឋ ដែលជាស្ត្រីមេផ្ទះ ក្នុងឃុំសំរោងធំ បានលើកឡើងថា ល្បែងអនឡាញតាមទូរទស្សន៍និងឡេបថប ដ៏ពេញនិយមទាំងនោះ គេមានលេងភ្នាល់ប្រាក់ រាប់ម៉ឺន លានរៀល ក្នុងមួយថ្ងៃៗ។ បើតាមពិតទៅ ទីតាំងល្បែងទាំងនោះ ក៏គេឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀតត្រូវគេថែរក្សាទុក។
តាមប្រភពខ្លះថា សង្ស័យអាជ្ញាធរ ក្នុងមូលដ្ឋាន មិនបង្រ្កាបទីតាំងខាងលើ គឺទុករបៀបចង្វាចញ្ចឹមឆ្តោ?
គួរបញ្ជាក់ថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
ដូច្នេះប្រសិនបើមន្ត្រីអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះទេ គឺបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ មានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធ ដើម្បីលាភសក្ការៈ ដាក់ហោប៉ៅរាងខ្លួន ដោយពុំបានអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញនោះទេ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងផ្ដល់ព័ត៌មាន:010840732/061881299