សង្គម

សមត្ថកិច្ចកំពុងស្រាវជ្រាវករណីឆេះអគារកម្ពស់​២៥ជាន់នៅក្រុងព្រះសីហនុ

ករណីភ្លើងឆេះអគារកម្ពស់២៥ជាន់ កំពុងសាងសង់​នៅក្រុងព្រះសីហនុ​ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ រកមូលហេតុពិតប្រាកដដែលបណ្តាលឱ្យមានការឆាបឆេះ។​

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការបាញ់ទឹកពន្លត់អគ្គិភ័យនេះ ក្រុមសមត្ថកិច្ចចម្រុះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន១៣គ្រឿង បាញ់ទឹក៤១ឡាន និងឡានជណ្ដើរ ០១គ្រឿង ក្នុងនោះរថយន្តស្នងការដ្ឋាននគរបាលខេត្ត ព្រះសីហនុ ចំនួន៣ គ្រឿង បាញ់ទឹកអស់១០ឡាន, រថយន្តមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុ ចំនួន០១គ្រឿងបាញ់ទឹកអស់ ០១ ឡាន​ ,​​ រថយន្តបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ចំនួន០១គ្រឿង អស់ទឹក០៣ឡាន,​​រថយន្ត international airport ចំនួន ០២ គ្រឿង អស់ទឹក០៥ឡាន, រថយន្តកងសង្គ្រោះ ៧១១ ចំនួន០៣គ្រឿង អស់ទឹក០៧ឡាន,​​ រថយន្តសាធារណការ និងដឹកជញ្ជូនចំនួន០១គ្រឿង អស់ទឹក ០២ឡាន, រថយន្តកំពង់ផែស្វយ័តចំនួន០២ គ្រឿងអស់ទឹក១៣ឡាន។

សមត្ថកិច្ចបន្តទៀតថា​ អគ្គិភ័យឆាបឆេះខាងលើ បណ្តាលឱ្យខូចខាតសម្ភារមួយចំនួនធំដូចជា៖ ឆេះបន្ទប់នៅជាន់ទី០៥ទាំងស្រុង ប៉ុន្តែមិនមានការឆេះរាលដាលបន្ត នឹងមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ ចំពោះករណីនេះដែរ ក្រុមសមត្ថកិច្ចបានពន្លត់ និងគ្រប់គ្រងសភាពការបានទាំងស្រុងនៅវេលាម៉ោង​២៣ៈ៣០នាទីយប់ថ្ងៃដដែល។ ចំពោះមូលហេតុ ​ដែលបង្កឱ្យកើតមានគ្រោះអគ្គិភ័យនេះ មិនទាន់ដឹងនោះទេ ប៉ុន្តែពេលនេះក្រុមសមត្ថកិច្ចជំនាញកំពុង បើកការស្រាវជ្រាវ។

សូមបញ្ជក់ថា កាលពីល្ងាចថ្ងៃទី២៣ ខែមេសាឆ្នាំ ២០២៣ មានករណីគ្រោះអគ្គិភ័យឆាបឆេះអគារកំពុងសាងសង់ មួយកន្លែងឈ្មោះ កំពង់ដេវ៉ា ២៥ជាន់(ឆេះ ជាន់ ទី ៥) តាមបណ្ដោយវិថីសែនជ័យ ទៅវត្តអូរត្រេះ( ផ្លូវ អាឡាំងឌឺឡុងចាស់)ស្ថិតនៅក្រុម១៧ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ៕