សមត្ថកិច្ចខេត្តកំពតបានប្រកាសឱ្យដឹងថា ឧកញ៉ា ជា សារ៉ន និងបក្ខពួក ៨នាក់ ត្រូវបានឃាត់ខ្លួនហើយ ក្នុងករណីបោកប្រាស់លុយប្រជាពលរដ្ឋជិត ៤០លានដុល្លាររអាមេរិក ក្រោមរូបភាពវិនិយោគលើដីធ្លី។
ការចាប់ខ្លួននេះ បន្ទាប់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះទៅធ្វើការសម្របសម្រួល និងដោះស្រាយករណីក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូ ជា សារ៉ន ជាមួយនឹងប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលមានបញ្ហាដោយសារក្រុមហ៊ុនមិនបានធ្វើតាមកិច្ចសន្យាជាមើលឱ្យប្រជាពលរដ្ឋដែលជាអ្នកវិនិយោគភ្នាក់ងារលក់ និងអ្នកទិញដីឡូជាពិសេសអ្នកទៅខ្ចីលុយធនាគារមកឱ្យក្រុមហ៊ុនដើម្បីបានចំណេញប្រាក់បែរជាធ្លាក់ខ្លួនជំពាក់បំណុលធនាគារនោះដោះស្រាយមិនរួចនោះ។
ស្នងការដ្ឋាននគរបាលខេត្តកំពតសរសេរលើហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនថា ប្រជាពលរដ្ឋដែលចាញ់បោកចាប់ខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួក មានចំនួន ២៤៦១គ្រួសារ និងទំហំទឹកប្រាក់គឺមានសរុបជិត ៤០លានដុល្លាររ។
ស្នងការដ្ឋាននគរបាលខេត្តកំពតបានបង្ហោះរូបភាព ឧកញ៉ា ជា សារ៉ន និងបក្ខពួក ៨នាក់ ទាំង៨នាក់ ព្រមទាំងសរសេរសារលើហ្វេសប៊ុករបស់ខ្លួនថា «ក្រុមហ៊ុនវិនិយោគលើទឹកភ្នែករាស្ត្រ ឬហៅមួយបែបទៀតធ្វើនំអត់ម្សៅ ខ្ញុំអាណិតបងប្អូនប្រជាពលរដ្ឋខ្លាំងណាស់ ២ ៤៦១គ្រួសារសរុបទឹកប្រាក់ជិត ៤0 លានដុល្លារ មានទាំងបងប្អូននៅខេត្តផ្សេងៗទៀតក៏ត្រូវចាញ់ការបោកបញ្ឆោតរបស់ក្រុមវិនិយោគដីឡូត៍អស់នេះ សូមបងប្អូនផ្សេងៗទៀតពិចារណាផងមុននិងវិនិយោគជាមួយក្រុមហ៊ុនប្រភេទនេះ»៕