លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ដែលគេដឹងថា គឺជាអគ្គនាយកក្លិបពាណិជ្ជករកម្ពុជា ជាម្ចាស់ក្រុមហ៊ុន WorldWide Dental Supply ជាម្ចាស់ក្រុមហ៊ុន One World Trading ជាម្ចាស់ហាងបញ្ចាំ សុវណ្ណវិចិត្រ ហ្វាយណែន ជាប្រធានក្រុមហ៊ុន ECC Realty និង ជាម្ចាស់គម្រោងអចលនទ្រព្យខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកំពតផងនោះ ត្រូវបានស្រ្តីម្នាក់ចោទប្រកាន់ថា បានបោកទូរស័ព្ទ និងវាយដុំខ្លួនថែមទៀត ក្រោយពីនាងបានថតសកម្មភាពឈ្លោះគ្នារវាងបងស្រីនាង និងស្រ្តីម្នាក់ទៀត ដែលជាគ្នីគ្នារបស់លោកឧកញ៉ា។
ករណីហិង្សានេះ ត្រូវបានបញ្ជាក់ថា បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៩ និង៣០នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅចំណុចហាងឈ្មោះ «ឡា វ៉ូត» ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ គឹម ចាន់សុធី ភេទស្រី អាយុ២៧ឆ្នាំ បានរៀបរាប់ថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បងស្រីរបស់ខ្លួនឈ្មោះ គឹម ចាន់សុធា បានមកពីភ្នំពេញ មកលេងនៅខេត្តព្រះសីហនុ ហើយនៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នោះ ក្រុមខ្លួនមានគ្នា៤នាក់ មានប្រុស២នាក់ បាននាំគ្នាទៅហូបអាហារនៅហាង ឡា វ៉ូត ។ ពេលនោះបានឃើញឈ្មោះ យ៉េន ម៉ារ៉ាណង ភេទស្រី បានមកជាមួយបងប្អូនរបស់គាត់មកហូបអាហារនៅហាងនេះដែរ ។ ខណៈនោះ បងស្រីជនរងគ្រោះបានបង្ហួសទៅសួរនាំឈ្មោះ យ៉េន ម៉ារ៉ាណង ស្រាប់តែឈ្មោះ យ៉េន ម៉ារ៉ាលាង បានស្រែកជេរបងស្រីជនរងគ្រោះ ។
ដោយឃើញហេតុការណ៍មិនស្រួល ជនរងគ្រោះបានលើកទូរស័ព្ទរកថតសកម្មភាពនេះ ស្រាប់តែមានមនុស្សប្រុសម្នាក់ (លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា) ត្រូវជាបងប្អូនជីដូនមួយជាមួយឈ្មោះ យ៉េន ម៉ារ៉ាណង បានស្ទុះមកទាញទូរស័ព្ទរបស់ជនរងគ្រោះយកទៅបោកកម្ទេចចោល និងវ៉ៃជនរងគ្រោះថែមទៀត។
យ៉ាងណាក៏ដោយចំពោះករណីនេះ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានច្រានចោលចំពោះការចោទប្រកាន់នេះ ដោយថា លោកមិនបានប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះឡើយ ហើយថា លោកបានត្រៀមមេធាវី រួចរាល់ហើយ ដើម្បីតតាំងករណីនេះ៕