សង្គម

ក្រសួងធនធានទឹក ក្រើនរំលឹកដល់បណ្ដាខេត្តទាំងអស់ឱ្យប្រុងប្រយ័ត្នអំពីការកើនឡើងកម្ដៅ និង​ខ្យល់កន្រ្តាក់

ជាថ្មីម្តងទៀតក្រសួងធនធានទឹកនិងឧតុនិយម បានរំលឹកដល់បណ្ដាខេត្តទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះការកើនឡើងកម្ដៅ និងបញ្ហាខ្យល់កន្ត្រាក់។

យោងតាមសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថា ចាប់ពីថ្ងៃទី១៩ ដល់ទី២៥ ខែមេសា នៅតាមតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ នឹងមានសីតុណ្ហភាពកើនដល់ជិត ៤០អង្សាសេ និងអាចមានភ្លៀងពីខ្សោយទៅតិចតួច លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

សេចក្តីជូនដំណឹងបន្តថា ដោយសារប្រទេសកម្ពុជានៅតែបន្តទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំនឹងខ្យល់ប្រែប្រួល ទើបធ្វើឲ្យនៅតាមបណ្ដាខេត្តវាលទំនាបកណ្ដាល និងតំបន់ខ្ពង់រាប នឹងអាចមានសីតុណ្ហភាពកើនឡើងកម្ដៅទៅដល់ជិត ៤០អង្សាសេ ហើយក៏អាចនឹងកើតមានភ្លៀងពីខ្សោយទៅតិចតួច លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។

ចំណែកតំបន់មាត់សមុទ្រវិញ ក្រសួងធនធានទឹក និងឧតុនិយមថានឹងអាចមានសីតុណ្ហភាពកើនឡើងកម្ដៅទៅដល់ ៣៥អង្សាសេ រួមជាមួយនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។

ជាមួយគ្នានេះ ក្រសួងក៏​បានដាស់តឿនជាចុងក្រោយថា ស្ថានភាពអាកាសធាតុនេះក្រសួងធនធានទឹក និងឧតុនិយមបានសូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដូចជា ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងការកើនឡើងកម្ដៅ ដែលអាចកើតមានឡើងជាយថាហេតុណាមួយ៕