យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលពី លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោកអភិបាលស្រុកពេជ្រាដា កម្លាំងអធិការស្រុកពេជ្រាដា និងកម្លាំងជំនាញប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបទីតាំងដាំកញ្ឆាមួយកន្លែងស្ថិត នៅភូមិម៉េប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ឈ្មោះ ង្វៀន វ៉ាន់ហ្វាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិវូយបា ឃុំធុងដូរ ស្រុកវិញ ខេត្តងាអាន ប្រទេសវៀតណាម និងឈ្មោះ ហ្វាម វ៉ាន់ថាយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិវូយបា ឃុំធុងដូរ ស្រុកវិញ ខេត្តងាអាន វៀតណាម។
កម្លាំងសមត្ថកិច្ចក៏បានចាប់យកបានវត្ថុតាង រួមមាន កញ្ឆាស្ងួតចំនួន ២កញ្ចប់, ជីគីមីចំនួន ៣០ការុង, ថ្នាំបំប៉នកញ្ឆា ២៧កំប៉ុង, កែវជ័របណ្តុះកូនកញ្ឆាចំនួន ៥០០កែវ, ជញ្ជីងថ្លឹងកញ្ឆាក្រៀមចំនួន ៣គ្រឿង, ម៉ាស៊ីនអ៊ុតកញ្ចប់កញ្ឆាចំនួន ៣គ្រឿង, ថង់វេចខ្ចប់កញ្ឆាចំនួន ៤៣៨ថង់, ជីម្សៅបំប៉នកញ្ឆាចំនួន ៨កញ្ចប់, ថ្នាំជ្រលក់កញ្ឆាចំនួន ១២កំប៉ុង, ថ្នាំបាញ់ស្មៅចំនួន ៤កញ្ចប់, ធុងបាញ់ថ្នាំចំនួន ១, ស្លាកលេខម៉ូតូ(វៀតណាម)ចំនួន ២សន្លឹក, ការុងចំនួន ១៧៦ការុង, អាវសម្រាប់ការពារបាញ់ថ្នាំ ១ឈុត, ប្រអប់ជ័រដាក់គ្រាប់កញ្ឆាចំនួន ២ប្រអប់, ថ្នាំប៉ូវកញ្ឆា ១ធុង២០លីត្រ, ថូរជ័រដាំកញ្ឆាចំនួន ៧២០ថូ, សំឡីសម្រាប់បណ្តុះគ្រាប់កញ្ឆាចំនួន ១២កញ្ចប់, លិខិតឆ្លងដែនចំនួន ៣ក្បាល, ប័ណ្ណសំគាល់ខ្លួនចំនួន ២សន្លឹក, ឯកសារចំនួន ៤២សន្លឹក បានកាប់ដើមកញ្ឆាស្រស់ នឹងដុតកម្ទេចចោលចំនួន ១០៦៧១ដើម ទម្ងន់ ១២០៥គីឡូក្រាម។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការតាមនីតិវិធីច្បាប់៕