មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា រយៈពេលពីរថ្ងៃចុងក្រោយនេះ ពោលគឺថ្ងៃទី៩-១០ ខែមេសា ឆ្នាំ២០២៣ មានប្រជាពលករខ្មែរនៅប្រទេសថៃ សម្រុកចូលមកកម្ពុជាវិញយ៉ាងច្រើនកុះករដោយក្នុងមួយថ្ងៃមានចន្លោះ៧ពាន់ទៅ៨ពាន់នាក់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីត្រៀមអបអរ ពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ..។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចម្រើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងយ៉ាងដូច្នេះថា៖«រយៈពេល២ថ្ងៃនេះ ពលករខ្មែរបានសម្រុកចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុង១ថ្ងៃប្រមាណ៧០០០ទៅ៨០០០នាក់ ក្នុងនោះមាន៧០ភាគរយជាពលករធ្វើការនៅប្រទេសថៃ ដែលត្រឡប់មកជួបជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ»។ ទន្ទឹមនឹងនោះលោកថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលជាប់ច្រកទ្វារខ្លងលឹកប្រទេសថៃ ត្រូវបានបើកឱ្យចេញ-ចូលឆ្លងកាត់ទៅមករវាងប្រទេសទាំងពីរចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១០យប់ ទើបបិទច្រកព្រំដែន។ លោក ក៏បានគូសបញ្ជាក់បន្ថែមថា ចំពោះពលករខ្មែរចូលតាមច្រកនេះ គឺមានការជាប់គាំងនៅច្រកខ្លងលឹកខ្លាំង ព្រោះត្រូវបំពេញបែបបទលិខិតឆ្លងដែន ដោយឡែក ចំពោះការចូលមកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត គឺពលករអាចធ្វើដំណើរចូលមកបានធម្មតា៕