ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នេះឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយមានការចូលរួម ឯកឧត្តម ជី កាត្តា,ឯកឧត្តម ប៉ុក ណារ៉ូន,លោក គង់ ហ៊ុនធារិទ្ធ អតីតនាយកខុទ្ទកាល័យគណបក្សសង្គ្រោះជាតិ,បណ្ឌិតសាស្ត្រាចារ្យ ឡាច សំរោង, លោកឧកញ៉ា អ៊ុត ធី និងលោកជំទាវ ,លោកឧកញ៉ា សោម សុខរ៉ាឌី,លោក ជា សំហុង រួមជាមួយនឹងក្រុមការងារជាច្រើនរូប បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសាខាគណបក្សប្រជាជនកម្ពុជា និងជួបសំណេះសំណាលជាមួយសមាជិកគណបក្ស រួមទាំងបញ្ចូលសមាជិកថ្មីចំនួន ១៤០០នាក់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
កម្មវិធីនេះមានការទទួលយ៉ាងស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រួមទាំងមន្ត្រីរាជការជាច្រើនរូបផងដែរ។
កម្មវិធីនៅព្រឹកនេះផងដែរគឺប្រារព្ធឡើងនៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ផ្លូវ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថាសេចក្តីសម្រេច ស្តីពីការបង្កើតសាខាគណបក្សប្រជាជនកម្ពុជា ចល័តតាមមូលដ្ឋាន ភ.ព.ព.ស គឺសម្រេចតាមសំណើរបស់ ឯកឧត្តម ដួង តារា ។ ចំពោះសមាសភាពគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ចល័តតាមមូលដ្ឋាន ភ.ព.ព.ស ដែលត្រូវបានតែងតាំង រួមមាន៖
១.លោក សេង គីមឆេង ប្រធាន,២.លោក ជា សារ៉ាត់ អនុប្រធាន, ៣.លោក សេង គីមឈាង សមាជិក,៤. លោក សែម សូលីណា សមាជិក, ៥. លោក ឌីន សុភី សមាជិក, ៦. លោក អ៊ុយ សានកុសល សមាជិក, ៧. លោក មិន ធី សមាជិក, ៨.លោក ឃុន ខេមរៈ សមាជិក, ៩. លោកស្រី ហ៊ង ព្រហស្បត៍សីហា សមាជិក, ១០.លោក ណៅ ប្រុស សមាជិក, ១១.លោក រ៉េន បូរ៉ា សមាជិក។
ក្នុងពិធីនោះផងដែរលោក សួស ភារិន តំណាងសមាជិកគណបក្សថ្មីចំនួនទាំង១៤០០នាក់ បានធ្វើការសំណេះសំណាលថា លោករួមទាំងសមាជិកដែលបានចូលរួម គឺចូលរួមចំណែកការពារសន្តិភាព ចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ និងមិនគិតគូរពីផលប្រយោជន៍ ឋានៈ និងតួនាទីអ្វីឡើយ ហើយលោកបានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា៖
១.ប្តេជ្ញា គោរព និងអនុវត្តឲ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយរបស់គណបក្ស និងលក្ខន្តិកៈ របស់គណបក្សប្រជាជន។
២.ប្តេជ្ញា ថែរក្សាសាមគ្គីភាពផ្ទៃក្នុង និង រក្សាការសម្ងាត់របស់បក្ស និងប្រែក្លាយកម្មវិធីនយោបាយនេះឲ្យទៅជាការប្រតិបត្តិជាក់ស្តែង។
៣.ប្តេជ្ញា ចូលរួមប្រជុំជីវភាពគណបក្សឲ្យបានទៀងទាត់តាមកាលកំណត់របស់គណបក្ស។
៤.ប្តេជ្ញា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅគ្រប់អាណត្តិពិសេសការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខនេះ។
លោក ឆេង គឹមសេង ដែលជាអតីតជំនួយការលោក គឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា ច្រើនឆ្នាំមកហើយដែលលោកបានចំណាយពេលវេលា និងថវិកា ឥតប្រយោជន៍ដើរលើផ្លូវខុស ជ្រើសរើងគណបក្សខុស តែពេលនេះទើបលោកយល់ច្បាស់ គឺមានតែគណបក្សប្រជាជនកម្ពុជាទេដែលមានសមត្ថភាពពិតប្រាកដ ទើបលោកបានគៀងគរសមាជិកចូលរួមចំនួន ១៤០០នាក់នៅថ្ងៃនេះ។
ក្នុងឱកាសនោះផងដែរឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានមានមតិទទួលស្វាគមន៍ យ៉ាងកក់ក្តៅ និង រីករាយចំពោះវត្តមានបងប្អូនសមាជិកទាំងអស់ដែលចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាកម្ពុជា នាពេលនេះ។ ហើយឯកឧត្តមបានលើកឡើងថាលោកមានការគាំទ្រចំពោះក្រុមការងារចល័តតាមមូលដ្ឋាននេះ។ក្នុងនោះដែរឯកឧត្តមលើកឡើងបន្ថែមថាបច្ចុប្បន្នសមាជិកគណបក្សប្រជាជនរាជធានីភ្នំពេញមានចំនួនកើនឡើងដល់ជាង ៧០ម៉ឺននាក់ ដែលបង្ហាញពីកម្លាំងនិងភាព រឹងមាំនៃគណបក្សនេះ និងជាគណបក្សដែលមានធនធានគ្រប់បែបយ៉ាង ដែលគ្មានគណបក្សណាមានដូចគណបក្សប្រជាជនកម្ពុជានោះទេ។
ចំណែកលោក គង់ ហ៊ុនធារិទ្ធ អតីតនាយកខុទ្ទកាល័យរបស់គណបក្សចំនួន៣មកហើយគឺគណបក្ស ហ៊្វុនស៊ិនប៉ិច គណបក្សរាស្ត្រនិយម និងគណបក្សសង្គ្រោះជាតិ គឺលោកដឹងច្បាប់ថា គ្មានគណបក្សណាដែលមានសមត្ថភាពដឹកនាំប្រទេសបានដូចគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលមានសមត្ថភាពបរិបូរណ៌ក្នុងការដឹងនាំប្រទេស។ ហើយលោកក៏បានអំពាវនាវឲ្យបងប្អូនគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទាន សូមមានការភ្ញាក់រលឹក ចូលរួមជាមួយគណបក្សប្រជាកម្ពុជា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានមេដឹកនាំច្បាស់លាស់។
ក្នុងឱកាសដ៏ដែនរីករាយនោះ ឯកឧត្តម ដួង តារា បានមានមតិសំណេះសំណាលស្វាគមន៍សមាជិកដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ ហើយឯកឧត្តម ក៏បានកោតសសើរ និង វាយតម្លៃខ្ពស់ចំពោះលោក ឆេង គឹមសេង និងលោក ជា សារ៉ាត់ រួមទាំងសមាជិកទាំងអស់ដែលបានខិតខំប្រឹងប្រែងនាពេលកន្លងមក។ ហើយឯកឧត្តម បានលើកទឹកចិត្តសូមឲ្យបងប្អូនខិតខំបន្តទៀត ដើម្បីគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតនាពេលពេលខាមុខនេះ។
ឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាបាន បានពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចតេជោជូនចំពោះសមាជិកថ្មីដែលត្រូវបានដាក់បញ្ចូលទាំងអស់នៅថ្ងៃនេះ។ លោកបានបន្ថែមថា ការដឹកនាំរបស់គណបក្សប្រជាជនគឺសន្ដិភាព និងការស្ថិតស្ថេរនយោបាយនៅក្នុងប្រទេស ហើយសង្ឃឹមថាសមាជិកដែលបញ្ចូលថ្មីនៅថ្ងៃនេះ នឹងនៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាតទៅមុខទៀតដើម្បីការអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជាកាន់តែរីកចម្រើន៕