សង្គម

រថយន្តក្រុងជាង៣០០គ្រឿង នឹងត្រូវដាក់ឱ្យពលរដ្ឋជិះដោយឥតគិតថ្លៃក្នុង​ថ្ងៃ​ចូលឆ្នាំ

ភ្នំពេញ – ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំ​រថយន្តក្រុង​ចំនួន​ ៣៤៥គ្រឿង សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅ​មកស្រុកកំណើតដោយ​ឥតគិតថ្លៃ។

រដ្ឋបាលរាជធានីភ្នំពេញ​បានឱ្យដឹងតាមរយៈសេចក្ដីជូនដំណឹងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងអនុញ្ញតឱ្យរថយន្តក្រុងដឹកបងប្អូនប្រជាពលរដ្ឋទៅមកតាមបណ្តាលខេត្តដោយឥតគិតថ្លៃ ហើយសម្រាប់ការដឹកជញ្ជូននេះនឹងធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ពោលគឺ​ចេញដំណើរ​នៅ​ម៉ោង​៥:៣០​នាទី​ព្រឹក​។ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន ៧០គ្រឿង។ ដោយឡែកសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រលប់មករាជធានីភ្នំពេញវិញ គឺប្រើប្រាស់រថយន្តក្រុងចំនួន ២៧៥គ្រឿង ដែលមានគោលដៅ និងទីតាំងផ្សេងៗគ្នា។

ទន្ទឹមនឹងនោះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែលដោយមិនត្រូវដំឡើងថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុនេះទេ គឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ការដាក់ឱ្យមានការជិះរថយន្តឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះធ្វើឡើងដោយ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ៕