អ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (ប.ប.ឌ.) នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរួមគ្នាបង្កើតឡើងនូវមនុស្សយន្ត ដែលអាចនិយាយភាសាខ្មែរបាន និងអាចឆ្លើយរាល់សំណួររបស់មនុស្ស ព្រមទាំងអាចសម្គាល់ភិនភាគមនុស្សទៀតផង។
បើយោងតាមក្រសួងប្រៃសនីយ៍ ការបង្កើតមនុស្សយន្តនិយាយភាសាខ្មែរនេះ មានគោលបំណងសំខាន់បំផុតមួយគឺការលើកកម្ពស់ការប្រើប្រាស់ “ភាសាជាតិ” របស់យើងនៅក្នុងបច្ចេកវិទ្យាឌីជីថលឱ្យបានកាន់តែច្រើន។
មនុស្សយន្តអាចនិយាយភាសាខ្មែរបាននេះ ត្រូវបានចាត់ទុកថា គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់ ប.ប.ឌ. ដែលបានស្រាវជ្រាវ និងជំរុញប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងបង្កើតផលិតផលផ្សេងៗជាច្រើនទៀត ដើម្បីផ្តល់ដំណោះស្រាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការបង្កើនប្រសិទ្ធភាពការងារ នៅក្នុងក្រសួង-ស្ថាប័នរដ្ឋ និងវិស័យឯកជនឱ្យបានទូលំទូលាយ៕