សង្គម

ពលរដ្ឋថា ក្រុមឈ្មួញរបស់លោកស៊្រាងផេងកំពុងជីកអាចម៍ដីបឹងចានន់យកទៅលក់យ៉ាងរលួនសង្ស័យអាជ្ញាធរស្រុកបើកភ្លើងខៀវ?

ខេត្ដកណ្តាល៖ ដីបឹងចានន់ជាសម្បតិ្ដរបស់រដ្ឋ ដែលបម្រើប្រយោជន៍រួម ត្រូវបានក្រុមឈ្មួញកាយយកអាចម៍ដីយកទៅលក់យ៉ាងអាណាធិបតេយ្យដើម្បីប្រយោជន៍ផ្ទាល់ខ្លួន បណ្ដាលឱ្យស្ថានភាពបឹង ក្រហេងក្រហូងប៉ះដល់ប្រព័ន្ធអេកូស៊ី និងជីវៈចម្រុះ ថែមទាំងបាត់បង់រូបរាងដើមធម្មជាតិ ក្រុមឈ្មួញទាំងនោះត្រូវបានគេស្គាល់ឈ្មោះថាលោកថេង។

ទីតាំងដែលក្រុមឈ្មួញកាយអាចម៍ដីបឹងចានន់នោះស្ថិតនៅភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ពលរដ្ឋបានឲ្យបណ្ដាញសារព័ត៌មានពេញចិត្តមេឌា ដឹងថា៖ ក្រុមឈ្មួញដែលកាយយកអាចម៍ដីបឹងយកទៅលក់យកតែផលប្រយោជន៍រៀងៗខ្លួន។ ចំពោះអាជ្ញាធរពាក់ពន្ធ័វិញមិនដែលឃើញចុះមកត្រួតពិនិត្យទេ ។

ពលរដ្ឋដាក់ការសង្ស័យថាទំនងមានការបើកភ្លើងខៀវពីអាជ្ញាធរពាក់ពន្ធ័ក្នុងស្រុកខ្សាច់កណ្តាល ហើយមើលទៅ?បានជាបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញកាយយកអាចម៍ដីបឹងយកទៅលក់យ៉ាងរលួនបែបនេះដើម្បីផលប្រយោជន៍ រៀងៗខ្លួន ទៅវិញ។

ពលរដ្ឋបានបន្ដថា ចំពោះការដឹកជញ្ជូនវិញ តាមរថយន្ត ឡានធំៗ មិនគ្របដណ្តប់ ស្បៃ មុង តង់ អោយបានត្រឹមត្រូវ ធ្វើឲ្យជ្រុះអាចម៌ដី ប្រឡាក់ផ្លូវនិងខូចខាតផ្លូវយ៉ាងខ្លាំង និងបង្ករឲ្យហុយពេលមេឃក្តៅ និងពេលភ្លៀង រអិលដួលម៉ូតូ កង់ បង្ករឲ្យគ្រោះថ្នាក់ដល់ពលរដ្ឋធ្វើដំណើរទៀតផង។

ជុំវិញករណីខាងលើនេះម្ចាស់គ្រឿងចក្រឈ្មោះស្រ៊ាង ផេង បានប្រាប់បណ្ដាញសារព័ត៌មានពេញចិត្តមេឌា ថាការកាយអាចម៍ដីបឹងគឺលោកមានលិខិតអនុញ្ញាតត្រឹមត្រូវ ដោយទទួលស្គាល់ពីអាជ្ញាធរស្រុកខ្សាច់កណ្ដាល។

ចំណែកឯលោកចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាលបានប្រាប់មកបណ្ដាញសារព័ត៌មានពេញចិត្តមេឌាថា «ខ្ញុំនឹងចាត់កម្លាំងឲ្យចុះទៅត្រួតពិនិត្យមើល» និងសុំឲ្យអ្នកសារព័ត៌មានផ្ដល់ទីតាំងឲ្យផង ព្រោះលោកមិនដឹងក្រុមខាងណាជាអ្នកដាក់គ្រឿងចក្រចូលកាយដីបឹងចានន់នោះទេ។

ពាក់ព័ន្ធនឹងករណីនេះ លោកហួត ហាក់ ប្រធានការិយាល័យសេដ្ឋកិច្ចស្រុកខ្សាច់កណ្ដាល បានប្រាប់ឲ្យបណ្ដាញសារព័ត៌មានយើងដឹងថា លោកមិនបានឲ្យក្រុមឈ្មួញកាយអាចម៍ដីបឹងចានន់នោះទេ។

ទោះជាយ៉ាងណាក្ដីពលរដ្ឋសូមសុំណូមពរដល់អាជ្ញាធរពាក់ពន្ធ័មេត្ដាចុះត្រួតពិនិត្យ និងមានចំណាត់ទៅលើក្រុមឈ្មួញទាំងនេះផងព្រោះបឹងគឺជាសម្បត្ដិរដ្ឋមិនមែនជាកម្មសិទ្ធរបស់ក្រុមឈ្មួញទាំងអស់នោះឡើយគឺបំរើផលប្រយោជន៍រួម៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299