កណ្តាល៖ បរិស្ថាន សណ្ដាប់ធ្នាប់នៅស្រុកស្អាងក្រោមការដឹកនារបស់លោក ជឺ គីមហៃ អភិបាលស្រុកស្អាងកំពុងប្រឈមយ៉ាងធ្ងន់ធ្ងរដោយពុំមានការគិតគូរយកចិត្តទុកដាក់ ចុះពិនិត្យរៀបចំឲ្យបានត្រឹមត្រូវនោះទេ ជាពិសេសសំរាមនិងកាកសំណល់ប្លាស្ទិចជាច្រើនសន្ធឹកសន្ធាប់ នៅចំណុចក្រោមស្ពានព្រែកតាឃ្លោក និងផ្សារត្រើយស្លា ស្ថិតក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ឲ្យបណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា ដឹងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ។
ប្រភពបន្តថា ក្រោមស្ពានព្រែកតាឃ្លោកនេះចង់ក្លាយទៅជាទីលានចាក់សំរាមរបស់អ្នកផ្សារនិងអ្នកភូមិនៅក្បែរស្ពាននោះទៅហើយ ដែលមួយថ្ងៃៗ ពួកគេនាំគ្នាយកសំរាម និងកាកសំណល់ប្លាស្ទិចផ្សេងមកបោះ គប់ គ្រវែងចោលខាងក្រោមស្ពានខាងលើនេះ ដោយគ្មានការគិតគូរពីផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន និងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋទេ។
ប្រភពព័ត៌មានបានបន្តទៀតថា សំរាមនិងកាកសំណល់ទាំងអស់នោះបានគេមួយថ្ងៃទៅមួយថ្ងៃបង្កឲ្យមានក្លិនស្អុយ ក្លិនមិនល្អ បំពុលបរិស្ថាន បំពុលខ្យល់ ប៉ះពាល់បរិស្ថាន ប៉ះពាល់សណ្ដាប់ធ្នាប់ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋខ្លាំងធ្ងន់ធ្ងរ ហើយគេមិនដែលឃើញលោក ជឺ គីមហៃ អភិបាលស្រុកស្អាងចុះដើរពិនិត្យនិងមានវិធានការទេ ចាប់តាំងពីឡើងកាន់អំណាចជាចៅហ្វាយស្រុកមក។
ប្រភពផ្សេងទៀតបានខ្សឹបឲ្យដឹងដែរថា នៅតាមហាងកាហ្វេនានាក្នុងឃុំត្រើយស្លាកំពុងតែមានការលួចបង្កប់លេងល្បែងស៊ីសងតាមអនឡាញខុសច្បាប់ជាច្រើន ដែលជាហេតុបង្កឱ្យមានអសន្តិសុខ អំពើចោរកម្ម ឆក់ប្លន់ ហិង្សាកើតឡើងក្នុងមូលដ្ឋានជាហូរហែ ជាពិសេសប្រឆាំងនឹងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនិងមិនបានចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពនោះទេ ឬមួយដូចប្រសាសន៍សម្ដេចតេជោថា «ចង្វាចិញ្ចឹមឆ្ដោ» ទើបមិនហ៊ានចុះបង្ក្រាប។
គួររំលឹកថា លោក ជឺ គីមហៃ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាចេញអនុក្រឹត្យតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុកស្អាងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ និងបានប្រកាសឲ្យចូលកាន់តំណែងជាអភិបាលស្រុកស្អាងក្រោមវត្តមានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299