នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) បានឱ្យដឹងថា ព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ ដែលគ្របទៅដោយព្រៃស្រោងក្រាស់មានពណ៌បៃតងគ្រប់រដូវកាល ជាជួរព្រៃឈើធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានផ្តល់សារសំខាន់ចំពោះការរក្សាតុល្យភាពអាកាសធាតុរបស់សកលលោកទាំងមូល និងជាប្រភពទាញនូវទឹកភ្លៀង និងថាមពលអគ្គិសនីដ៏សំខាន់សម្រាប់កម្ពុជា។
ថ្លែងក្នុងដំណើរទស្សនាចរសត្វព្រៃធ្វើឡើងនៅផ្សារទំនើបអ៊ីអនសែនសុខ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ កញ្ញាបណ្ឌិត ស៊ូវណ្ណា នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងថា៖ «ព្រៃឈើនៃភ្នំក្រវាញ ប្រៀបដូចជាម៉ូទ័របូមទឹកដ៏ធំមួយសម្រាប់កម្ពុជា ដែលបានទាញយកពពកពីតំបន់មហាសាគរចូលមកស្រោចស្រពលើផ្ទៃដី ព្រមទាំងជាឆ្នាំងសាកធុងអាគុយរបស់កម្ពុជា ដោយសារនៅតំបន់ជួរភ្នំក្រវាញមានស្ទឹងធំៗរហូតដល់២២ ព្រមទាំងមានអូរបឹងបួរតូចៗ ជាច្រើនរយទៀត ដែលជាប្រភពទឹក និងបានបង្កើតនូវទំនប់វារីអគ្គិសនីដ៏ច្រើនជាមួយសមត្ថភាពផលិតថាមពលអគ្គិសនីសរុបប្រមាណ២០ភាគរយ នៃបរិមាណសរុបនៅទូទាំងប្រទេស»។
រាជរដ្ឋាភិបាល កាលពីឆ្នាំ២០១៦ បានសម្រេចបង្កើតឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដោយមានខេត្តចំនួន៣ គឺខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ដើម្បីជាទីជម្រកនៃពពួកប្រភេទសត្វទទួលរងការគំរាមកំហែងនិងប្រភេទសត្វមានដោយកម្រជាសកល ដែលមានរហូតជាង ៥០ប្រភេទ ដូចជា៖ ដំរីអាស៊ី ខ្លាពពក ក្រពើភ្នំ ខ្លាឃ្មុំធំ ខ្លាឃ្មុំតូច កែះ ទោចម្កុដ អណ្តើកភ្នំ មាន់ក្រិច ក្ងោកជាដើម និងប្រភេទឈើកម្រផ្សេងទៀត ខណៈបានប្រភពទឹកដ៏សំខាន់ និងជាផ្ទៃរងទឹកភ្លៀងសម្រាប់បន្តនិរន្តរភាពទឹកបឹងទន្លេសាប។
គួរបញ្ជាក់ថា ដំណើរទស្សនាចរសត្វព្រៃបន្ទាប់ពីបានរៀបចំនៅតាមតំបន់ជួរភ្នំក្រវាញមានដូចជា នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់, នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុងនិងនៅស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារប្រយោជន៍នៃព្រៃឈើតំបន់ជួរភ្នំក្រវាញ ដោយផ្សារភ្ជាប់យុទ្ធនាការការពារព្រៃឈើឱ្យមាននិរន្តរភាព ការបញ្ឈប់ការដាក់អន្ទាក់ចាប់សត្វព្រៃ (អន្ទាក់សូន្យ) និងការស្តារសត្វខ្លាធំឡើងវិញ៕