ករណីឆេះទីតាំងឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី កាលពីវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចបានប្រើប្រាស់ទឹកដើម្បីបាញ់ពន្លត់រហូតដល់ទៅ៧២ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។
តាមប្រភពព័ត៌មានពីពលរដ្ឋនៅជិតឃ្លាំងដែលឆាបឆេះនេះ បានឱ្យដឹងថា នៅមុនពេលកើតហេតុឃើញមានផ្សែងហ៊ុយចេញពីខាងក្នុងឃ្លាំង ស្រាប់តែភ្លាមៗនោះអណ្ដាតភ្លើងខ្មួលខ្មាញ់កាន់តែខ្លាំងទៅខ្លាំងទៅ មិនអាចគ្រប់គ្រងបាន ក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន រួចអាជ្ញាធរមូលដ្ឋានបានទំនាក់ទំនងទៅកម្លាំងនគរបាលការិយាល័យ បង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចេញរថយន្តជួយអន្តរាគមន៍។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានលោកបានបញ្ជារថយន្តគ្រប់គោលដៅនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចេញរថយន្ត ដើម្បីជួយបាញ់ពន្លត់ឲ្យទាន់ពេលវេលា។
លោកបានឲ្យដឹងថា ក្នុងការជួយអន្តរាគមន៍បាញ់ពន្លត់នេះ អាជ្ញាធរមានផលលំបាកដោយសារតែទីតាំងឃ្លាំងមានច្រកបាញ់តែមួយផ្លូវ និងទីតាំងមានការបិទជិតថែមទាំងមានរបងថ្មព័ទ្ធជុំវិញផងដែរ។ ធ្វើឲ្យកម្លាំងជំនាញលំបាកក្នុងការជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះបណ្ដាលឲ្យឆេះខូចខាត ឃ្លាំងជញ្ជាំងថ្មប្រកស័ង្កសី ទំហំ ១៦ម៉ែត្រគុណ ៣០ម៉ែត្រ រថយន្តម៉ាក កាមរីបាឡែន១គ្រឿង សម្ភារៈគ្រឿងបន្លាស់រថយន្ត រួមមាន ប្រេងម៉ាស៊ីនជាដើម ត្រូវបានឆាបឆេះខូចខាតអស់ទាំងស្រុង។ រថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងចំនួន ៣៧គ្រឿង និងបានប្រើប្រាស់ទឹកអស់ចំនួន៧២ឡាន ទើបគ្រប់គ្រងទីតាំងឆេះបាន៕