សង្គម

ថៃ៖ ក្នុងសប្តាហ៍នេះ មនុស្សជិត២សែននាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែការបំពុលបរិយាកាស

រាជធានីថៃ ដែលជាជម្រករស់នៅរបស់មនុស្សប្រមាណ ១១ លាននាក់ និងជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ពិភពលោក ត្រូវបានគ្របដណ្ដប់អស់រយៈពេលជាច្រើនថ្ងៃដោយផ្សែងពុលពណ៌លឿងប្រផេះ ដែលរួមបញ្ចូលដោយផ្សែងរថយន្ត ការបំភាយឧស្ម័នឧស្សាហកម្ម និងផ្សែងភាយពីការឆេះកសិកម្ម។

យោងតាមក្រសួងសុខាភិបាលសាធារណៈបានឱ្យដឹងថា មនុស្សជាង ១,៣ លាននាក់បានធ្លាក់ខ្លួនឈឺ នៅក្នុងព្រះរាជាណាចក្រថៃចាប់តាំងពីដើមឆ្នាំមកម៉្លេះ ដោយសារតែការបំពុលខ្យល់ ខណៈមនុស្សជិត ២ សែន នាក់បានចូលមន្ទីរពេទ្យក្នុងសប្តាហ៍នេះ។

លោក Kriangkrai Namthaisong វេជ្ជបណ្ឌិតនៅក្រសួងសុខាភិបាលសាធារណៈកាលពីថ្ងៃពុធទី ៨ ខែមីនា បានជំរុញឱ្យកុមារ និងស្ត្រីមានផ្ទៃពោះស្នាក់នៅក្នុងផ្ទះ។ លោក​បាន​បន្ថែម​ថា អ្នក​ណា​ដែល​ចេញ​ទៅ​ខាង​ក្រៅ​គួរ​ពាក់​របាំង​ការពារ​ជាតិ​ពុល N95 ដែល​មាន​គុណភាព​ខ្ពស់។ រីឯកាលពីចុងខែមករា និងដើមខែកុម្ភៈ អាជ្ញាធរទីក្រុងបានជំរុញឱ្យប្រជាជនធ្វើការពីផ្ទះ។ ក្រសួងសុខភាពសាធារណៈបានបញ្ជាក់ថា ស្រុកចំនួន ៥០ ក្នុងទីក្រុងបាងកកកាលពីថ្ងៃពុធទី ៨ ខែមករា បានកត់ត្រាកម្រិតមិនមានសុវត្ថិភាពនៃភាគល្អិត PM2.5 ដ៏គ្រោះថ្នាក់បំផុត។

អ្នកនាំពាក្យរបស់អភិបាលក្រុងបាងកក លោក Chadchart Sittipunt ដែលជាប់ឆ្នោតកាលពីឆ្នាំមុនបានសន្យាថានឹងធ្វើឱ្យប្រសើរឡើងនូវបរិស្ថានទីក្រុង ហើយលោកនឹងមិនស្ទាក់ស្ទើរក្នុងការចេញបទបញ្ជាស្រដៀងគ្នាមួយផ្សេងទៀតប្រសិនបើស្ថានភាពកាន់តែអាក្រក់ទៅៗ។ លោក Aekvarunyoo Amrapala បានប្រាប់សារព័ត៌មាន AFP ថា មណ្ឌលថែទាំដែលគ្រប់គ្រងដោយទីក្រុងបានបង្កើតបន្ទប់ពិសេស «គ្មានធូលី» ជាមួយនឹងម៉ាស៊ីនបន្សុទ្ធខ្យល់ដើម្បីការពារកុមារតូចៗ ក៏ដូចជាប៉ុស្តិ៍ត្រួតពិនិត្យដើម្បីតាមដានការបំភាយឱស្ម័នពុលចេញពីរថយន្តផងដែរ។

ស្ថានភាពកាន់តែអាក្រក់ទៅៗនៅក្នុងទីក្រុងឈៀងម៉ៃ ភាគខាងជើង ក្នុងតំបន់កសិកម្ម ដែលកសិករដុតបំផ្លាញដំណាំរបស់ពួកគេ។ គោលដៅទេសចរណ៍ដ៏ពេញនិយមនេះត្រូវបានជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលមានការបំពុលខ្លាំងបំផុតទី ៣ នៅលើពិភពលោក នេះបើតាមក្រុមហ៊ុនត្រួតពិនិត្យ IQAir ដែលជាដៃគូបច្ចេកវិទ្យានៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ។

ការិយាល័យគ្រប់គ្រងគុណភាពខ្យល់ និងសំឡេងរំខានបានលើកឡើងថា ៖«បុគ្គលដែលមានហានិភ័យគួរតែជៀសវាងការហាត់ប្រាណខ្លាំង ជាពិសេសនៅខាងក្រៅ ហើយពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើរោគសញ្ញា ​ពិបាក​ដកដង្ហើម ក្រហាយ​ភ្នែក ឬ​ក្អក​កាន់តែអាក្រក់ទៅៗ។

មែនទែនទៅ ការបំពុលបរិយាកាសនៅឈៀងម៉ៃគឺអាក្រក់បំផុតនៅក្នុងពិភពលោក បើប្រៀបធៀបទីក្រុងចំនួន ៩៥ នៅទូទាំងពិភពលោកជាមួយនឹងទិន្នន័យ PM2.5 ដែលបានវាស់វែង នេះបើតាម IQAir។ លើសពីនេះ IQAir បានអះអាងនៅលើគេហទំព័ររបស់ខ្លួនថា ៖«កំហាប់ PM2.5 នៅឈៀងម៉ៃបច្ចុប្បន្នគឺលើស ២២,៨ ដងនៃតម្លៃគោលការណ៍ណែនាំគុណភាពខ្យល់ប្រចាំឆ្នាំរបស់ WHO»។

ទាក់ទិននឹងការបំពុលបរិយាកាសដ៏សាហាវនេះ អភិបាលខេត្តឈៀងម៉ៃ លោក Nirat Pongsitthavorn កាលពីថ្ងៃអង្គារ ទី៧ ខែមីនា បានបញ្ជាឱ្យអង្គភាពការងារខេត្តនានាកាត់បន្ថយផលប៉ះពាល់នៃការបំពុលបរិយាកាសលើសុខភាពសាធារណៈ រួមទាំងការចែកចាយរបាំងមុខដែលមានសមត្ថភាពចម្រោះ PM2.5 និងបង្កើតចំណុចត្រួតពិនិត្យការបំភាយឧស្ម័ននៅតាមដងផ្លូវ ដើម្បីកាត់បន្ថយផ្សែងពុល។

គួរបញ្ជាក់ PM2.5 គឺជាទម្រង់មួយនៃការបំពុលបរិយាកាសដ៏សាហាវបំផុតនៃភាគល្អិតតូចៗដែលមានអង្កត់ផ្ចិតតូចជាង ២,៥ មីក្រូម៉ែត្រ ឬប្រហែល ៣ ភាគរយនៃអង្កត់ផ្ចិតនៃសក់មនុស្ស ដែលវាអាចជ្រាបចូលជ្រៅទៅក្នុងសួតរយៈពេលយូរ ឬចូលទៅក្នុងចរន្តឈាមដោយមិនបានចម្រោះ។ ការប៉ះពាល់រយៈពេលយូរទៅនឹងភាគល្អិតទាំងនេះអាចបណ្តាលឱ្យមានជំងឺសរសៃឈាមបេះដូង ផ្លូវដង្ហើម និងមហារីក៕