ខេត្តកណ្ដាល ៖ នៅព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល” Kong Sophorn Cup” លើកទី២ ឆ្នាំ២០២៣ និងពិធីសម្ដែងកីឡាមិត្តភាព គាំទ្រយុទ្ធនាការ “Bayond The Games” ក្រោមមូលបទ” បេះដូងលោតក្នុងចង្វាក់តែមួយ”ប្រចាំខេត្តកណ្ដាល នៅពហុកីឡាដ្ឋានខេត្តកណ្ដាល។
” កីឡារស់ ក្នុងសន្តិភាព” សូមជម្រាបថា៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់ និងការសម្តែងកីឡាមិត្តភាពគាំទ្រយុទ្ធនាការ Beyond The Games ដែលបានប្រព្រឹត្តិយ៉ាងអធិកអធមនាឱកាសនេះ គឺដើម្បីអបអរសាទរក្នុងការត្រៀម ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលទង់ជាតិកម្ពុជានឹងអណ្តែតឡើងប្រកប ដោយ មោទកភាព ក្នុង នាមជាប្រជាជាតិ ដែលមានអរិយធម៌ វប្បធម៌ ដ៏ល្បីរន្ទឺ និងចំណាស់ មួយក្នុងសកលលោក ដែល នៅសល់តែ ៦៣ថ្ងៃ ទៀតប៉ុណ្ណោះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ( SEA Games ) និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ដែលជាការប្រកួតកម្រិតអន្តរជាតិ ដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនេះគឺជាកិត្តិយសជាប្រវត្តិសាស្រ្តមួយទៀត ក្នុងវិស័យកីឡាដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ។
Beyond The Games គឺលើសពីកីឡា លើសពីការប្រកួត Beyond The Games គឺចង់បង្ហាញទៅកាន់សង្គមជាតិ និងពិភពលោកថា កីឡាផ្សាភ្ជាប់នឹងវប្បធម៌មរតកជាតិ, កីឡាផ្សារភ្ជាប់សន្តិភាព និងការអភិវឌ្ឍ, កីឡាផ្សារភ្ជាប់ស្មារតីសាមគ្គីភាព និងមិត្តភាព៕