សង្គម

ក្រុងចំនួន៧ ជាប់ជ័យលាភីជាទីក្រុងស្អាត

(ភ្នំពេញ) – ទីក្រុងចំនួន៧បានជាប់ជ័យលាភី​ទីក្រុងស្អាតជាងគេបំផុត​របស់កម្ពុជា ដោយ​ទទួល​បានផ្ការំដួលបីទង ក្នុងដំណើរការ​ប្រឡងប្រណាំងទីក្រុងស្អាត។

ក្រុងជាប់ជ័យលាភីទាំង៧នោះ រួមមាន លំដាប់ទី១.ក្រុងព្រះសីហនុ ទី២.ក្រុងបាត់ដំបង ​ទី៣.ក្រុងសៀមរាប ទី៤.ខ័ណ្ឌដូនពេញ ទី៥.ក្រុងកែប ទី៦.ក្រុងកំពត និងទី៧.ក្រុងកំពង់ចាម។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បកស្រាយថា ការប្រឡងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិ គឺជា​កាតព្វកិច្ច​របស់រដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ខ័ណ្ឌ ​ដែលត្រូវចូលរួម​ប្រឡង​ប្រណាំងជាចាំបាច់ ហើយ​ក៏ត្រូវមានការចូលរួម​ផងដែរពីប្រជាពលរដ្ឋ អ្នកទេសចរ និងភាគីពាក់ព័ន្ធ​ ដើម្បីអភិវឌ្ឍន៍​ក្រុង ខ័ណ្ឌ​ឱ្យមានបរិស្ថានស្អាត អនាម័យស្អាត ​គ្មានសំរាម​រឹង រាវ​ បៃតង មាន​ភាពទាក់ទាញ​ទេសចរជាតិ​អន្តរជាតិទៅទស្សនាកម្សាន្តប្រកបដោយផាសុកភាព​ និង​សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ។ ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន កត់សម្គាល់ឃើញថា ​ចលនាប្រឡងប្រណាំងទីក្រុងស្អាតនេះ ជាការជំរុញ​ឱ្យ​ទីក្រុង​របស់​យើងស្អាត ទាក់ទាញភ្ញៀវទេសចរទៅទស្សនា ហើយថ្នាក់ដឹកនាំអាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់ថ្នាក់ ​គឺជាអ្នកដើរតួខ្លាំងក្នុង​សកម្មភាពអភិវឌ្ឍន៍​ទីក្រុងស្អាត និង​ទាមទារ​ឱ្យមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។

សូម​បញ្ជាក់ថា ទីក្រុងស្អាត​សុពលភាពឆ្នាំ២០២២-២០២៥នេះ មានទីក្រុងស្អាតចំនួន៧ ទទួលបានជ័យលាភីផ្ការំដួលបីទង ក្នុងនោះ ​ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ​ទទួលបានផ្ការំដួលបីទង ​មានលំដាប់ពិន្ទុខ្ពស់​ជាងគេ​បង្អស់។ ច្នៃនេះទីក្រុងស្អាតទទួលផ្ការំដួល​ពីរទង​ មាន១៧ក្រុង-ខ័ណ្ឌ ទីក្រុងស្អាត​ ទទួលផ្កា​រំដួល១ទង មានចំនួន១៤ ក្រុង-ខ័ណ្ឌ ​និងទីក្រុងប្រឡងមិនទទួលបានផ្ការំដួលមានចំនួន៣៕